ឥណ្ឌូនេស៊ី ៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បានបញ្ជាក់ថា ទឹកជំនន់បានវាយប្រហាររដ្ឋធានីហ្សាការតាបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ ដោយក្នុងនោះ៨នាក់នៅរដ្ឋធានីហ្សាការតា និង៣នាក់នៅកូតឌុក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។
អាជ្ញាធរបានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ៣០លាននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ចំណែកស្ថានីយរថភ្លើងមួយចំនួន រួមទាំងព្រលានយន្តហោះផងនោះ ក៏ត្រូវបានបិទផងដែរ។ ទន្ទឹមនោះអ្នកដើរកម្សាន្តរាប់ពាន់នាក់នៅទីក្រុងហ្សាការតា ត្រូវបានទឹកជន់លិចដោយសារភ្លៀងខ្លាំង នៅពេលពួកគេរង់ចាំពិធីបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកល។
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងមូសុង និងទឹកទន្លេកំពុងជន់លិចសង្កាត់យ៉ាងតិច៩០ និងបង្កជាការបាក់ដីនៅក្នុងទីក្រុងកូកូតឌុកដែលស្ថិតនៅជាយក្រុងហ្សាការតា។
លោក Wibowo បាននិយាយថា អ្នកស្លាប់រួមមានសិស្សវិទ្យាល័យអាយុ១៦ឆ្នាំម្នាក់ដែលត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលមនុស្សជាង១៩.០០០ នាក់កំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់បានឡើងដល់៣ម៉ែត្រនៅកន្លែងជាច្រើន៕