បញ្ចប់តួនាទីភិក្ខុ សេង ថង ពីចៅអធិការវត្តគោកបញ្ជាន់ ករណីកាត់ដីប្លង់រឹងរបស់វត្តលក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2020 ក+ ក-

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែងធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតលេខ២០៨/១៩ស.ន.ក.ជចុះថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩របស់គណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា។

សេចក្តីសម្រេចដែលចុះព្រះហស្ថលេខាដោយសម្តេចពោធិ៍វង្ស អំ លឹមហេងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដោយមានការឯកភាពរបស់លោក ហ៊ឹមចែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានធ្វើឡើងដោយគោរពតាមសំណើររបស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីទេពវង្សសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ពីអង្គហេតុនិងមូលហេតុនៃការដកដំណែងភិក្ខុសេងថងពីចៅអធិការវត្តគោត្តមរង្សីហៅវត្តគោកបញ្ជាន់និងតំណែងធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយសារតែព្រះសង្ឃអង្គនេះជាប់ពាក់ព័ន្ធករណីសហការជាមួយអាជ្ញាធរដែនមូលដ្ឋានកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រដែលជាសម្បត្តិគរុភណ្ឌលក់ខុសច្បាប់ស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជាមួយគ្នានេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ផងដែរថាក្រៅពីកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រលក់បានជោគជ័យកាលពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៥រួចមកនៅក្នុងអំឡុងឆ្នាំ២០១៦ព្រះសង្ឃសេងថងបានស្នើសុំដោះដូរដីស្រះព្រះទន្លេជាដីកម្មសិទ្ធិរបស់វត្តទំហំជិត៤ហិកតាដែលទង្វើទាំងអស់នេះបានបង្ហាញថាព្រះសង្ឃសេងថងមានចេតនាព្យាយាមលក់ដីស្រះទន្លេបន្ថែមទៀត។

យោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាដីវត្តគោកបញ្ជាក់ទំហំ៧គុណនឹង១៥០ម៉ែត្រត្រូវបានព្រះសង្ឃសេងថងនិងបក្ខពួកលួចលក់កាលពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៥ដោយមានឈ្មោះចក់ឆុនដែលគេស្គាល់ថាជាសមាជិកគណៈកម្មាការវត្តជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះយ៉ងសម្បត្តិភេទប្រុសមានប្រពន្ធឈ្មោះឃុនសុខអែម។

ការកាត់ដីទំហំ ៧គុណ នឹង១៥០ម៉ែត្រ ដែលជាផ្នែកមួយនៃដីកម្មសិទ្ធិវត្តទំហំជិត ៧ហិកតា ដែលមានប្លង់រឹងក្បាលដីលេខ ៧២៩ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញគឺធ្វើឡើងដោយមានលោកសុទ្ធសាធចៅសង្កាត់ចោមចៅ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយហើយអាជ្ញាធរចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង។ នេះបើយោងតាមការបញ្ជាក់របស់លោក ពេញ ហួរ អនុប្រធាន ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យនៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីដែលជាគរុភ័ណ្ឌរបស់វត្តលក់ទៅតាមផ្លូវច្បាប់ជាធរមាន ទុកជាមេរៀនសម្រាប់វត្តដទៃទៀត៕