ខេត្តក្រចេះទទួលបានភ្ញៀវមកកម្សាន្តប្រមាណ៧ពាន់នាក់ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2020 ក+ ក-

ខេត្តក្រចេះ ៖ ប្រធានមន្ទីទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឱកាសថ្ងៃចូលឆ្នាំសាកល នៃថ្ងៃឈប់សំរាក មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានចំនួនជាង៧ពាន់នាក់ បានមកលេង កំសាន្តនៅរមនីយដ្ឋានមួយចំនួនក្នុងខេត្ត។

ថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី២ខែមករា នេះ លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា មានភ្ញៀវទេចរណ៍ចំនួន៧.៦៧៨នាក់ បានមកលេងកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះ នៅថ្ងៃឈប់សម្រាកចូលឆ្នាំសកល ក្នុងនោះភ្ញៀវបានផ្តោតសំខាន់លើរមនីយដ្ឋានកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី និងមានចំងាយជាង១០គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តក្រចេះ។
លោកអះអាងថា ចំនួននេះ បើប្រៀបធៀបនិងឆ្នាំមុនគឺមានការកើនឡើង។

លោកបន្តថា រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ជារមនីយដ្ឋានអេកូទេសចរណ៍មួយដែលគួរឲ្យទាក់ ទាញសម្រាប់ភ្ញៀវទៅលេងកំសាន្ត។ អ្វីដែលចាប់អារម្មណ៍នោះ គឺសន្ឋឹកទឹកហូរខ្មួលខ្មាញ់ថ្លារ ឆ្វង់នៅតាមជ្រលងថ្មកណ្តាលទន្លេមេគង្គ ដែលដុសអមទៅដោតជួរដើមជ្រៃទឹកសាប។

ភ្ញៀវទេសចរដែលទៅលេងកំសាន្តនៅទីនោះ ក្រៅពីអង្គុយទទួលទានអារហារនៅ លើរោងក្យូសផ្ទះទឹក ដែលសហគមន៍ទេចសរណ៍បានសង់ជាជួរៗនៅតាមមាត់ទឹកហូរ ពួក គាត់ក៏នាំគ្នាចុះងូតទឹកលេងក្នុងសភាពយ៉ាងសប្បាយអ៊ឺងកង។

ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ជួប រតនា បានថ្លែងឲ្យដឹងទៀតថា នារដូវប្រាំងឆ្នាំ នេះអាជ្ញាធររបស់លោក បានចុះពិនិត្យមើលពីគុណភាពនិងលក្ខណះសម្បត្តិលើរោងក្យូស ក៏ដូចជាទីតាំងផ្សេងៗដែលរៀបចំពីប្រជាសហគមន៍សម្រាប់ទទួលភ្ញៀវមកលេងកំសាន្ត នា រដូវប្រាំង ដែលសម្បូរដោយថ្ងៃឈប់សម្រាក។

បន្ថែមពីលើនោះ ការពង្រឹងសេវាកម្មផ្នែកបដិសណ្ឋារកិច្ច ក៏ដូចជាតម្លៃមុខម្ហូប អនាម័យ នៃការវេចខ្ចប់ ក៏ត្រូវបានលោក ប្រធានមន្ទីរអះអាងថា ក្រុមការងាររបស់លោកបានចុះទៅ ពង្រឹងនិងបង្ហាត់បង្ហាញ ដល់ក្រុមប្រជាសហគមន៍នៅតាមតំបន់រមណីយដ្ឋាននានារួចអស់ទៅហើយដែរ៕