ភ្នំពេញ ៖ នៅឆ្នាំ២០១៩ សមត្ថកិច្ច (ប៉ូលិស និងអាវុធហត្ថ) បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាង៩ពាន់ករណី ឃាត់មនុស្សជាង២ម៉ឺននាក់ ដកហូតថ្នាំញៀនជាង៧២០ គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន។
របាយការណ៍បន្តថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបាន ៩៥៧២ករណីឃាត់មនុស្ស២០១១៣នាក់ (ស្រី១៣២៥នាក់) ក្នុងនោះជនបរទេស ៤០១នាក់ (ស្រី៦៤នាក់) មាន១២សញ្ជាតិ។ ក្នុងចំណោមការបង្ក្រាបជាង៩ពាន់ករណី មានករណីជញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន៥៧០៥ករណី ឃាត់មនុស្ស១០៩៥០ នាក់(ស្រី ៨៨៨នាក់) និងករណីប្រើប្រាស់ ៣៨៦៧ករណី ឃាត់មនុស្ស ៩១៦៣នាក់ (ស្រី៤៣៧នាក់)។ ចំណែកករណីអនុវត្តន៍ដីកាមានចំនួន៣២៩ដីកា ឃាត់មនុស្ស ៣២៤នាក់ (ស្រី១១នាក់)។
របាយការណ៍បញ្ជាក់ថា ចំពោះសារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចដកហូតបានមានចំនួនជាង៧២០គីឡូក្រាម និង៩១៣កញ្ចប់តូច, កញ្ឆាក្រៀមជិត១០០គីឡូក្រាម និង ៩៤,៤៤១ដើម, សម្ភារៈចាប់យកមានរថយន្ដ ៦៤គ្រឿង, ម៉ូតូ ២២៥២គ្រឿង, ទូរស័ព្ទ៥៨៧៨គ្រឿង, ជញ្ជីង៣២៩ គ្រឿង, អាវុធខ្លី៦ដើម អាវុធវែង១០ដើម, ចលន និងអចលនទ្រព្យស្នើសុំបង្កក ចំនួន២កន្លែង, ដីឡូត៍២កន្លែង និងផ្ទះល្វែង១កន្លែង៕