ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០ នឹងបន្តរក្សាបានពី ៦,៨ ភាគរយ ដោយសារចរន្តពាណិជ្ជកម្មជារួមរបស់ពិភពលោកក៏នឹងធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ នឹងមានកំណើនខ្ពស់ជាងប្រទែសមួយចំនួនក្នុងតំបន់ ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
យោងតាមរបាយការណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលសេដ្ឋកិច្ចនៃធនាគារពាណិជ្ជកម្ម Siam Commercial Bank បានវាយតម្លៃថា នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសចំនួន៤ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នឹងមានកំណើនចន្លោះពី ៦ ទៅ៧ ភាគរយ ខណៈឧបសគ្គដែលប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ច តាមរយៈការធ្លាក់ចុះនៃការនាំចេញ និងកម្រិតនៃចំនួនភ្ញៀវទេសចរ។
ទោះយ៉ាងណាផលិតកម្មក្នុងតំបន់ដែលសម្របខ្លួននឹងផ្តល់ផលប្រយោជន៍ខ្លះដល់ប្លុកនេះ ជាពិសេសវៀតណាម ដែលយ៉ាងហោចណាស់ក្នុងរយៈពេលខ្លីដែរ ដោយសារក្រុមហ៊ុនចិន និងសាជីវកម្មពហុជាតិមួយចំនួនប្តូរផលិតកម្មរបស់ខ្លួនទៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីគេចពន្ធពីអាមេរិក។
មជ្ឈមណ្ឌលសេដ្ឋកិច្ចដដែលនេះ បានអះអាងថា យ៉ាងណាក៏ដោយ លទ្ធផលការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណា នាប៉ុន្មានឆ្នាំខាងមុខនេះ នឹងនៅតែបន្តកើនឡើង។
កម្ពុជា និងមីយ៉ាន់ម៉ាប្រឈមនឹងហានិភ័យនៃការដកប្រព័ន្ធៗអនុគ្រោះពន្ធទាំងអស់លើកលែងតែអាវុធ (EBA) ពីសំណាក់សហគមន៍អឺរ៉ុប ហើយអាចនឹងបាត់បង់ការប្រកួតប្រជែងក្នុងការនាំចេញក្នុងរយៈពេលមធ្យម តែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថា នឹងមានការកើនឡើងមធ្យមទៅ ៦,៨ ភាគរយ នៅឆ្នាំ២០២០ បើទោះបីជាវិស័យទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងក្នុងអត្រាទាបជាងមុន ប៉ុន្តែស្ថានភាពសារពើពន្ធ និងការនាំចេញរបស់ប្រទេសនេះនៅតែរឹងមាំដដែល ខណៈដែលពាណិជ្ជកម្មរបស់ពិភពលោកក៏ធ្លាក់ចុះ៕
ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់