នាយករដ្ឋមន្ត្រីចុះដល់កន្លែងអគាររលំបាក់ខណៈរកឃើញជនរងគ្រោះ១៩នាក់ក្នុងនោះស្លាប់៤នាក់(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ ខណៈការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ដោយការរលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តតាកែវ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះចំនួន ១៩នាក់ ក្នុងនោះមាន ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន ជីប ម៉ុង ដែលបានជួយជាថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុស្រុតបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប។

បើតាមព័ត៌មានពីសាក្សី សមត្ថកិច្ចបានសន្និដ្ឋានថា នៅមានជនរងគ្រោះមួយចំនួនទៀតកំពុងស្ថិតនៅក្រោមគំនរថ្មអគារបែកបាក់នោះនៅឡើយដែលគេបារម្ភថា អាចប៉ះពាល់អាយុជីវិត។ តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយផ្សេងៗ ដើម្បីបន្តរុករកជនរងគ្រោះដែលគេគិតថា នៅសេសសល់ក្រោមផ្ទាំងថ្មនោះនៅឡើយ។

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ។ របាយការណ៍ជាក់លាក់សមត្ថកលិច្ចនៅមិនទាន់បង្ហាញនៅឡើយ តែបើតាមការសាកសួរពីជនរងគ្រោះដែលមានវាសនាខ្ពស់រួចពីសេចក្តីស្លាប់បានឲ្យដឹងថា មនុស្សនៅក្នុងការដ្ឋានសំណង់នេះមានប្រមាណពី២០ ទៅ៣០នាក់ ដែលសុទ្ធតែជាកម្មករសំណង់។

សំណង់អគារនេះ ត្រូវបានគេអះអាងថា បានសាងសង់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសម្រេចបានប្រមាណជា ៩០ភាគរយ ហើយការបាក់ស្រុតនេះ ខណៈដែលកម្មករកំពុងចាក់ប្លង់សេនៅផ្នែកខាងលើបង្អស់។

គួររំលឹកថា នេះជាឧបទ្ទវហេតុបណ្តាលឲ្យមនុស្សស្លាប់ដ៏រន្ធត់លើកទី២ហើយ បន្ទាប់មានករណីដូចគ្នានេះ បានកើតឡើងចំពោះអគារកម្ពស់ ៧ជាន់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់កាលពីវេលាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩៕