ភ្នំពេញ ៖ តាមការប៉ាន់ស្មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១៩ ប្រទេស កម្ពុជានាំចេញអង្ករក្នុងបរិមាណ៦២ម៉ឺនតោន និងទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណជាមធ្យមការទទួលបានទឹកប្រាក់ពីការនាំចេញអង្ករផ្លូវការក្នុងឆ្នាំ២០១៩ បានទំហំប្រមាណ៥០០លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រហែល៤% បើប្រៀបធៀបទៅឆ្នាំ២០១៨ ស្របពេលដែលតម្លៃនៃឯកតានៃការនាំចេញ (FOB) ធ្លាក់ចុះជិត១០% បើប្រៀបទៅឆ្នាំ២០១៨។ តែដោយសារបរិមាណនៃអង្ករក្រអូប និងអង្ករសប្រភេទបាយទន់ នាំចេញច្រើនជាងឆ្នាំមុន បានធ្វើឱ្យតម្លៃគិតជារូបិយបណ្ណទាបជាងមុនត្រឹមតែ៤%ប៉ុណ្ណោះ។
សហ័ពន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថា តាមការវាយតម្លៃបឋមលើបរិយាកាស នៃការនាំចេញក្នុងឆ្នាំ២០១៩ មានលក្ខណៈនៅទ្រឹង ទោះបីស្ថានភាពទីផ្សាររបស់សហភាពអឺរ៉ុប បានការធ្លាក់ចុះដោយការចាប់ផ្តើម អនុវត្តការយកពន្ធនាំចូលក្នុងចំនួន១៧៥ អឺរ៉ូ ក៏ដោយ តែស្ថានភាពនេះ អាចមានការធូរស្រាលឡើងវិញ សម្រាប់ឆ្នាំ២០២០នេះ ដោយសារការយកពន្ធនាំចូល នឹងបន្ធូរបន្ថយមកវិញត្រឹមចំនួន១៥០អឺរ៉ូក្នុង១តោន។
សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន ៦២០,១០៦តោន ធ្លាក់ចុះចំនួន៦,១១៩តោនស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,២២៥តោន៕