អ៊ីរ៉ង់ ៖ អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងករណីរត់ជាន់គ្នាក្នុងពិធីបញ្ចុះសពមេបញ្ជាការកំពូលម្នាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានកើនដល់៥៦នាក់ហើយ។ នេះបើយោងតាមប្រភពពី CGTN ។
មនុស្សជាង២១០នាក់ផ្សេងទៀតបានរងរបួសក្នុងឧប្បត្តិហេតុនេះដែលកើតឡើងនៅទីក្រុង Kerman។ សពរបស់លោក Qasem Soleimani ត្រូវបានតម្កល់នៅឯស្រុកកំណើតរបស់គាត់ខណៈមនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវសម្រាប់ពិធីដង្ហែសពរបស់គាត់។ ការសម្លាប់គាត់បានបង្កជាការភ័យខ្លាចអំពីជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។
លោក Soleimani ត្រូវបានគេចាត់ទុកថា ជាបុរសមានអំណាចបំផុតលំដាប់ទី២ក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីមេដឹកនាំកំពូលលោក Khamenei។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានមើលឃើញថា គាត់ជាភេរវករនិងជាការគំរាមកំហែងដល់កងទ័ពអាមេរិក។
នៅទីក្រុង Kerman ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ មនុស្សជាច្រើនត្រូវបានគេមើលឃើញនៅតាមដងផ្លូវជាថ្មីម្តងទៀតខណៈសាកសពរបស់លោក Soleimani នឹងត្រូវបញ្ចុះក្នុងពេលដ៏ខ្លីខាងមុខ៕