តម្លៃប្រេងហក់ឡើងខ្លាំងបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើកងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

តូក្យូ ៖ តម្លៃប្រេងបានឡើងខ្ពស់នៅថ្ងៃពុធ ទី៨ មករានេះ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកសងសឹកទៅលើកងទ័ពអាមេរិកដែលមានមូលដ្ឋាននៅក្នុងអ៊ីរ៉ាក់ តាមអ្វីដែលសន្យារបស់ខ្លួនក្នុងការវាយបកវិញជុំវិញការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA។

ផ្សារប្រេងពិភពលោករួមទាំងនៅសហរដ្ឋអាមេរិកបានរង្គោះរង្គើចាប់តាំងពីការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ ខណៈអ្នកវិភាគជាច្រើនបានព្រមានអំពីភាពតានតឹង ឬក៏សង្គ្រាមទ្រង់ទ្រាយធំអាចផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីប្រេងឡើងថ្លៃ តម្លៃមាសលើទីផ្សារសកលក៏បានកើន ២%បន្ថែមទៀតផងដែរ ដោយមួយអោនស្មើនឹង ១,៦០០ដុល្លារអាមេរិក មិនធ្លាប់មានឡើយក្នុងរយៈពេល ០៦ឆ្នាំមកនេះ។

ដោយឡែកតម្លៃប្រេងនៅអាមេរិកបានកើនឡើង លើសតម្លៃកាលពីថ្ងៃអង្គារ ខណៈដែលការភ័យខ្លាចចំពោះផលប៉ះពាល់ លើការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃកើនឡើង។ តម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើងដល់ ៦៣.៦៣ដុល្លារក្នុងមួយបារ៉ែល ស្មើនឹង ០.៩៣% នៃកំណើន និង Brent កើនឡើងដល់ ៦៩.៣៤%ក្នុងមួយបារ៉ែលស្មើនឹង ១.១០%នៃកំណើន៕