អាមេរិក ៖ មន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិក បានអះអាង ករណីយន្តហោះអ៊ុយក្រែនធ្លាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ គឺដោយសារត្រូវបានបាញ់ទម្លាក់ដោយម៉ីសីល មិនមែនដោយសារបញ្ហាគ្រឿងម៉ាស៊ីនទេ នេះបើយោងតាមផ្កាយរណបស៊ើបការណ៍របស់អាមេរិក។
បើតាមសារព័ត៌មាន BBC បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានធ្វើការសន្និដ្ឋានថា ពេលវេលានៃការធ្លាក់យន្តហោះនេះបង្ហាញថា យន្ដហោះអាចត្រូវបានគេយល់ច្រឡំថា ជាយន្តហោះចម្បាំងរបស់អាមេរិកនៅពេលដែលអ៊ីរ៉ង់បានត្រៀមសម្រាប់ការសងសឹកអាមេរិក ក្រោយការធ្វើឃាតមេទ័ពអ៊ីរ៉ង់ លោក Qassem Soleimani ក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ដោយឡែកសារព័ត៌មាន CBS News បានដកស្រង់ប្រភពព័ត៌មានស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលនិយាយថា ផ្កាយរណបមួយបានរកឃើញថា កាំជ្រួចមីស៊ីលបាលីស្ទិកផ្ទុះឡើងចំនួន ២ គ្រាប់បន្ទាប់ការធ្លាក់យន្តហោះ។ ចំណែកសារព័ត៌មាន Newsweek បានដកស្រង់សម្តីមន្ទីរបញ្ចកោណនិងមន្ត្រីស៊ើបការណ៍ជាន់ខ្ពស់របស់សហរដ្ឋអាមេរិកក៏ដូចជាមន្ត្រីស៊ើបការណ៍អ៊ីរ៉ាក់ផងដែរ ដោយនិយាយថា ជើងហោះហើរអន្តរជាតិអ៊ែរឡាញ PS752 ត្រូវបានវាយប្រហារដោយមីស៊ីលTor ដែលផលិតនៅរុស្ស៊ី។
ទោះបីយ៉ាងណាជុំវិញបញ្ហាមេដឹកនាំកាណាដានិងអង់គ្លេសបានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញនិងហ្មត់ចត់លើការធ្លាក់យន្តហោះដែលបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ ខណៈដែលអ៊ីរ៉ង់ក៏បានច្រោនចោលទាំងស្រង់នូវការចោទប្រកាន់ខាងលើនេះ ដោយអះអាងថា ករណីធ្លាក់យន្តហោះនេះ គឺមិនមែនជាដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ គឺវាធ្លាក់ដោយសារម៉ាស៊ីន។
សូមជំរាបថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) ជើងហោះហើរលេខ៧៥២ បានដឹកអ្នកដំណើរ និងអាកាសយាននិកទាំងអស់សរុប១៧៦នាក់ បានធ្លាក់នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដែលកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានអាកាសចំនួន២ទីតាំងរបស់កងកំលាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
ករណីយន្តហោះអ៊ុយក្រែនធ្លាក់នោះមានអ្នកស្លាប់ទាំង១៧៦នាក់ ក្នុងនោះមានពលរដ្ឋអ៊ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់, ស៊ុយអែត១០នាក់, អាហ្វហ្គានីស្ថាន៤នាក់, អាល្លឺម៉ង់ ៣នាក់ និងអង់គ្លេស៣នាក់៕