ក្រុមហ៊ុន Air Asia ចង់បង្កើត Cambodia Air Asia នៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2020 ក+ ក-

ភ្នំពេញ ៖ លោក Bo Lingam ប្រធានក្រុមហ៊ុនអាកាសរណ៏ Air Asia បានលើកឡើងថា ដោយមើលឃើញពីវិស័យអាកាសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ និងភ្ញៀវទេសចរមានកំណើនឱ្យកត់សំគាល់ ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក (Low Cost Carrier -LCC) មានយន្តហោះច្រើនជាងគេបំផុតនៅអាស៊ី និងហោះទៅកាន់គោលដៅចំនួន១៦៥ជុំវិញពិភពលោក ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia។

ការលើកឡើងរបស់លោក Bo Lingam បែបនេះធ្វើឡើងក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

ជាការឆ្លើយតបនាយឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្វាគមន៍នូវបំណង ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។ ទន្ទឹមនោះនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៍អនុញ្ញាតទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខ៕