ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណដែលទើបផ្ទុះឡើង
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺរលាកសួតម្យ៉ាង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ)។ បើទោះជាមិនទាន់មកដល់ប្រទេសកម្ពុជាក៏ដោយ តែការជូនដំណឹងរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីជំងឺមួយប្រភេទនេះ បានកើតឡើងនៅប្រទេសចិន និងបានឆ្លងមកដល់ប្រទេសថៃ។
ក្រសួងសុភិបាលបានឱ្យដឹងថា មន្ត្រីជំនាញកំពុងតែធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតនៃស្ថានភាពកើតឡើងជំងឺរលាកសួតមិនទាន់ស្គាល់អត្តសញ្ញាណនេះ។ ជំងឺនេះត្រូវបានឃើញ និងរាយការណ៍ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមាណិតចិនជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន និងមានអ្នកជំងឺខ្លះមានរោគសញ្ញាហត់ និងថតកាំរស្មីអ៊ិច បានបង្ហាញថា មានដំបៅសួតសងខាង៕