ថៃ ៖ ប៉ូលិសបាននិយាយនៅថ្ងៃសុក្រថា ក្មេងប្រុសអាយុ២ឆ្នាំម្នាក់គឺស្ថិតក្នុងចំណោមមនុស្ស៣នាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសថៃ នៅពេលខ្មាន់កាំភ្លើងពាក់ស្រោមមុខម្នាក់ប្លន់ហាងលក់គ្រឿងអលង្ការមួយ។
មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅពេលជនល្មើសប្រើកាំភ្លើងខ្លីបាញ់ប្រហារដោយមិនរើសមុខក្នុងខេត្ត Lopburi កាលពីយប់ថ្ងៃព្រហស្បតិ៍មុនពេលរត់គេចខ្លួនជាមួយគ្រឿងអលង្ការដែលមានតម្លៃ៥០០,០០០បាត (១៦,៥០០ដុល្លារ)។
ប៉ូលិសខេត្តបានប្រាប់ AFP ថា អ្នកផ្សេងទៀតដែលត្រូវបានសម្លាប់គឺជាសន្តិសុខនិងអ្នកលក់។វីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញអ្នកវាយប្រហារសម្រុកចូលទៅក្នុងហាងដោយបើកការបាញ់ប្រហារនិងលោតលើតុគិតលុយខណៈជនរងគ្រោះបានដេកក្នុងភាពឈឺចាប់លើឥដ្ឋ។
មេបញ្ជាការរងលោក Sumeth Punsri បាននិយាយថា ការវាយប្រហារដ៏សាហាវនេះបានកើតឡើងត្រឹមតែមួយនាទីប៉ុណ្ណោះ មុនពេលខ្មាន់កាំភ្លើងឡើងម៉ូតូជិះគេចខ្លួនទៅបាត់។ បន្ទាប់ពីហេតុការណ៍នេះ អាជ្ញាធរបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១០០,០០០បាតសម្រាប់ព័ត៌មានណាមួយដែលឈានដល់ការចាប់ខ្លួនជនល្មើស៕