អ៊ីរ៉ង់ទទួលស្គាល់ថាពិតជាច្រឡំបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនដែលនាំឲ្យមនុស្ស១៧៦នាក់បាត់បង់ជីវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2020 ក+ ក-

តេហេរ៉ង់ ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក មហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារដោយសម្តែងការសោកស្តាយ និងសូមអភ័យទោស ក៏ដូចជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បន្ទាប់ពីការទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលនាំឲ្យមនុស្សចម្រុះជាតិសាសន៍ ១៧៦នាក់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែមករា នោះមែន។ នេះបើតាមការចេញផ្សាយដោយ CNA។

តាមរយៈសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ និងក្រសួងការបរទេសអ៊ីរ៉ង់ ដែលត្រូវបានទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចេញផ្សាយដោយផ្ទាល់នោះ ដោយសារតែកំហុស បង្កឡើងដោយកត្តាមនុស្ស និងធ្វើឡើងដោយអចេតនា ទើបជើងហោះហើររបស់អ៊ុយក្រែននោះ ត្រូវបានមីស៊ីលបាញ់ចំ។ យោធាអ៊ីរ៉ង់បានសម្តែងការសុំទោសដោយស្មោះត្រង់ និងយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្ម ហើយបានសន្យាថានឹងកែលម្អប្រព័ន្ធការពារដែនអាកាសខ្លួន ដើម្បីបង្ការកុំឲ្យមានកំហុសដ៏ធ្ងន់ធ្ងរបែបនេះ កើតឡើងតទៅទៀតនាថ្ងៃអនាគត។
បន្ថែមពីការទទួលស្គាល់កំហុសនេះ អ៊ីរ៉ង់ក៏បានសន្យានាំយកជនទាំងឡាយ ដែលពាក់ព័ន្ធក្នុងករណីនេះ ទៅទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា «យន្តហោះនោះបានធ្លាក់ដោយសារការភ័ន្តច្រឡំរបស់មនុស្ស នៅអំឡុងពេលដែលភាពចលនាត្រូវបានបង្កឡើង ដោយផែនការខ្មៅងងឹតរបស់អាមេរិក»៕