ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះថា សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិននឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដោយសមយុទ្ធនេះនឹងធ្វើឡើងក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា «សមយុទ្ធនាគមាសឆ្នាំ២០២០នេះ នឹងធ្វើឡើងលើរបៀបវារៈជាច្រើន ប៉ុន្តែយើងសង្កត់ធ្ងន់តែការប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ជាអាទិភាពតែប៉ុណ្ណោះ ហើយជាមួយគ្នានោះយើងក៏មានសព្វាវុធ និងឧទ្ធម្ភាគចក្រ ច្រើនជាងមុនផងដែរ ខណៈកម្លាំងត្រៀមទាំងសងខាងនឹងចូលរួមប្រមាណជាងពីរពាន់នាក់»។
បើតាមអ្នកនាំពាក្យដដែលនេះបានឲ្យដឹងទៀតថា សមយុទ្ធនេះនឹងធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោ សែនជុំគិរី ដែលស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេរវកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគចក្រ និង អាវុធគាំទ្រពីលើអាកាសជាដើម។
យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះមិនមែនជាការគំរាមកំហែងដល់ប្រទេស ឬបុគ្គលណាមួយនោះឡើយការធ្វើនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនិងមានទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជានិងទទួលបទពិសោធន៍បន្ថែមដល់ពីប្រទេសជាមិត្តតែប៉ុណ្ណោះ៕