ទូតស៊ុយអ៊ែតថ្មីប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយកម្ពុជាឱ្យកាន់តែប្រសើរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិតត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរជាងមុន ពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងអនុវត្តនៅកម្ពុជា។

ទន្ទឹមនឹងគ្នានេះដែរ ភាគីទាំងពីរបានបង្ហាញការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងនូវទំនាក់ទំនង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូតស៊ុយអែតថ្មី បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍន៍ទាំងឡាយដែលធ្វើឡើងតាមរយៈអង្គការSIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងការបង្កើតមជ្ឈមណ្ឌលការងារនៅតាមបណ្ដារាជធានី-ខេត្តនានា។

កម្ពុជាបាននឹងកំពុងបន្តការគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសកល (Global Deal) របស់រដ្ឋាភិបាលស៊ុយអែត ដែលជាគំនិតផ្តួចផ្តើមសាកល និងមានគោលបំណងក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីសាកលភាវូបនីយកម្ម។

ជាការពិតណាស់ កិច្ចសន្ទនាសង្គមមិនមែនជាយន្តការថ្មីក្នុងការអនុវត្តការងារ ក្នុងការគ្រប់គ្រង និងដោះស្រាយនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានោះទេ។ កម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការនេះក្នុងក្របខណ្ឌជាច្រើនដូចជា៖ យន្តការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការដោះស្រាយវិវាទការងារ យន្តការនៃការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការតាក់តែងច្បាប់ និងគោលនយោបាយនានាដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពីត្រីភាគី។ល។

លោករដ្ឋមន្រ្តីបានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនស៊ុយអែត ដែលជួយផ្តល់ការគាំទ្រដល់កម្ពុជា។ លោក អ៊ិត សំហេង លើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕