មនុស្សយ៉ាងហោច៦៧នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក នៅឯតំបន់កាស្មៀប៉ែកខាងគ្រប់គ្រង ដោយប្រទេសប៉ាគីស្ថាន នារយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
បើតាមក្រុមមន្ត្រីប៉ាគីស្ថាន ភូមិមួយចំនួនស្ថិតនៅតាមជ្រលងភ្នំ Neelum ត្រូវកប់នៅក្រោមទឹកកក ហើយគ្រោះថ្នាក់បាក់ផ្ទាំងទឹកកកនេះទៀតសោត កើតមានឡើងក្រោយមាន ភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលក៏បានបង្កជាគ្រោះរអិលបាក់ដីផងដែរ។ ដោយឡែក ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានអះអាងដូចគ្នាថា មនុស្ស១០នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ បាក់ផ្ទាំងទឹកកក នៅភាគខាងជើងនៃតំបន់កាស្មៀ ប៉ែកខាងឥណ្ឌាគ្រប់គ្រង ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែមានមនុស្សជាច្រើននាក់ បាន បាត់ខ្លួន។
កាលពីឆ្នាំ២០១២ ហេតុការណ៍បាក់ផ្ទាំងទឹកកកដូចគ្នានេះក៏បានសង្កត់លើបន្ទាយកងទ័ពប៉ាគីស្ថាន នៅក្បែរព្រំដែនឥណ្ឌា បានផ្ដាច់ជីវិតកងទ័ពប៉ាគីស្ថានយ៉ាងហោច ១២៤នាក់ និងជនស៊ីវិល១១នាក់ផងដែរ៕