បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់វាយខ្នោះរួចបញ្ជូនទៅតុលាការបន្ទាប់ពីយករថយន្តជួលគេទៅលក់អោយអ្នកដទៃ។ ការចាប់ខ្លួនធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណី រំលោភទំនុកចិត្ត កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកាស៊ីណូហ្វ័រធូណា ម្ដុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមពាក្យបណ្តឹងរបស់ យក់ បញ្ញា បានអោយដឹងថា ឈ្មោះ លឹម ប៊ុនធឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ បានយករថយន្តមួយគ្រឿងម៉ាកលុចស៊ីស ( RX300) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2798 មកលក់ឱ្យឈ្មោះ រស់ ជៀវ ដែលត្រូវជាឳពុកក្មេករបស់ខ្លួន ក្នុងតម្លៃ ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារ)។បន្ទាប់ពីលក់អោយឪពុកក្មេករបស់លោករួចហើយ ឈ្មោះ ប៊ុន ធឿន បានសុំជួលរថយន្តនោះមកជិះវិញក្នុងតម្លៃ៥០០$ ក្នុងមួយខែ។ ក្រោយពីជួល ឈ្មោះ លឹម ប៊ុនធឿន បានយករថយន្តនោះទៅលក់ឱ្យអ្នកដទៃផ្សេងទៀត ហើយក៏គេចខ្លួនបាត់ ។
លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញក៏បាន ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ប៊ុនធឿន បាននៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូហ្គោលឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លឹម ប៊ុនធឿន សារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើមែនហើយគេចខ្លូនមកពួននៅក្រុងប៉ោយប៉ែតពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍នីតិវិធីទៅតាមផ្លូវច្បាប់រួចហើយ៕
យករថយន្តជួលគេទៅលក់ត្រូវអាវុធហត្ថបន្ទាយមានជ័យចាប់ខ្លួន