ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ មករានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានរដ្ឋសភាអូស្រ្តាលី ខណៈសម្តេច និងលោកជំទាវបានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាង
រដ្ឋាភិបាលប្រទេសទំាងពីរដែលបានអនុវត្តកន្លងមក ជាពិសេសលទ្ធផលដំណើរទស្សនកិច្ចរបស់ឯក
ឧត្តមនាយករដ្ឋមន្រ្តីឡាវទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានផ្តល់នូវផ្លែផ្កាដែលបម្រើដល់ ផលប្រយោជន៍ប្រទេស និងប្រជាជនទំាងសងខាង។ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានឯកភាពគ្នាលើក កម្ពស់ទំនាក់ទំនងដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបសមភាគីឡាវថា កាលពីពេលថ្មីៗនេះ រដ្ឋសភា កម្ពុជា ទើបបានអនុម័តយល់ព្រមលើគម្រោងទិញថាមពលអគ្គិសនីពីរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្ម ពីឡាវដែលមានអនុភាព ២៤០០ម៉េហ្គាវ៉ាត់ ដែលគម្រោងមួយនេះនឹងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់ប្រទេសទំាងពីរ។
នាជំនួបនេះ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានស្នើសុំសម្តេចប្រធានរដ្ឋសភា កម្ពុជាជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ជាពិសេស ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមមិត្តសភារដ្ឋសភាប្រទសទំាងពីរ៕