អ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយថា តុលាការពិសេសគួរតែត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលត្រូវបានដាក់ទិសដៅដោយភ័ន្តច្រឡំដោយកម្លាំងអ៊ីរ៉ង់ បន្ទាប់ពីបានហោះចេញពីទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់មនុស្សទាំងអស់១៧៦នាក់នៅលើយន្តហោះ។
ដំបូងឡើយក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ដែលថា មីស៊ីលមួយគ្រាប់បានបាញ់ទម្លាក់យន្តហោះនោះ។ ទោះយ៉ាងណាដោយសារតែការប្រឈមនឹងភស្តុតាងកើនឡើង អ៊ីរ៉ង់បានទទួលស្គាល់កាលពីថ្ងៃទី១១ ខែមករាគឺរយៈពេល៣ថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះនោះថា ឆ្មាំបដិវត្តរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនដោយចៃដន្យ។
ប្រធានាធិបតី Hassan Rouhani បាននិយាយនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ក្នុងប្រទេសអ៊ីរ៉ង់ថា តុលាការគួរតែបង្កើតតុលាការពិសេសមួយ ដែលមានចៅក្រមជាន់ខ្ពស់មួយរូប និងអ្នកជំនាញរាប់សិបនាក់។ លោកបានបន្ថែមថា នេះមិនមែនជាករណីធម្មតាទេ។ ពិភពលោកទាំងមូលនឹងតាមដានតុលាការនេះ។
សូមជម្រាបថា អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះនោះ នៅពេលខ្លួនកំពុងត្រៀមសម្រាប់ការសងសឹករបស់អាមេរិក ដែលអាចកើតមានសម្រាប់ការវាយប្រហារដោយមីស៊ីលបាលីស្ទិក ទៅលើមូលដ្ឋានយោធាចំនួន ២ ដែលមានកងទ័ពអាមេរិកកំពុងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់៕