​រុស្ស៊ី​ចាប់ផ្ដើម​ប្រតិបត្តិការអាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

រុស្ស៊ី ៖ ​តាម​សេចក្ដីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹង​ថា អាវុធ​ល្បឿន​លឿន​ជាងសំឡេង Avangard ​របស់​រុស្ស៊ីចាប់ផ្ដើម​ប្រតិបត្តិការ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ​ក្រោយពី​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ខែ​មីនា ឆ្នាំ​២០១៨។

អាវុធ Avangard​ ដែល​អាច​ជំរុញ​ឲ្យ​មី​ស៊ី​ល​ហោះ​ក្នុង​ល្បឿន ​រហូតដល់​ទៅ​ ៣៣.៣៣៩គីឡូម៉ែត្រក្នុង ​១​ម៉ោង​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រព័ន្ធ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ ប្រតិបត្តិការ​លើកដំបូង​គេ​របស់​ពិភពលោក​។​

​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ថ្មី​របស់​រុស្ស៊ី​នេះ អាច​ឡើង​ដល់​រយៈកម្ពស់ ១០០គីឡូម៉ែត្រ​ពីលើ​ផ្ទៃ​ផែនដី​ ហើយ​នឹង​អាច​ហោះ​ផុត​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អាមេរិក ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រឆាំង​ជាមួយ​មី​ស៊ី​ល​ស៊េរី​ចាស់ៗ​។​

ប្រតិបត្តិការ​របស់​អា​វុ​ធ​ល្បឿន​លឿន​ជាង​សំឡេង​នេះ បាន​ផ្ទុះ​ព័ត៌មាន​កាលពី​សប្ដាហ៍​មុននៅ​ជិត​ទីក្រុង​ភាគ​និរតី Orenburg របស់​រុស្ស៊ី ហើយ​ពួកគេ​មាន​គម្រោង​នឹង​ដាក់​ពង្រាយ​អាវុធ​ទាំង​អស់​នេះ ទៅកាន់​កន្លែង​ផ្សេងទៀតនា​ពេល​អនាគត​ខាងមុខ​។​ គោលបំណង​សំខាន់​នៃ​ការផលិត​មី​ស៊ី​ល​នេះ គឺ​ចង់​ផ្ដួល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិកក្នុង​ករណី​ដែល​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​៕