ចិន ៖ ប្រទេសចិនបានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា មានមនុស្ស៣នាក់បានស្លាប់និង១៣៩នាក់បានធ្លងជំងឺរលាកសួតកាលពីចុងសប្តាហ៍ ខណៈដែលក្រុមជំនាញចិន និងអន្តរជាតិនៅតែកំពុង ព្យាយាមធ្វើការសិក្សាស្វែងយល់អំពីវានៅឡើយ។នេះបើយោងតាមប្រភពពី CNA ។
ក្រុមមន្ត្រីក៏បានបញ្ជាក់ផងដែរថាវីរុសនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំងនិងហ្សិនជិនផងដែរ ដែលនេះគឺជាការរីករាលដាលបន្ថែមទៀត បន្ទាប់ពីវាបានផ្ទុះឡើងដំបូងចេញពីទីក្រុង វូហាន ភាគកណ្តាលប្រទេសចិន។
អាជ្ញាធរសុខាភិបាលនៅស្រុកដាស៊ីង ទីក្រុងប៉េកាំងបានរកឃើញមនុស្សពីរនាក់ មានផ្ទុកវីរុសផ្លូវដង្ហើមប្រភេទថ្មីខាងលើនេះ ក្រោយពីពួកគេបានធ្វើដំណើរ ត្រឡប់មកពី ទីក្រុងវូហាន។ចំណែកនៅហ្សិនជិនបុរសអាយុ ៦៦ ឆ្នាំម្នាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃទី១១ខែមករាបន្ទាប់ពីមានអាការៈក្តៅខ្លួននិងបង្ហាញរោគសញ្ញាផ្សេងទៀតបន្ទាប់ពីធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិនៅទីក្រុងវូហាន។
គណៈកម្មការសុខាភិបាលក្រុងហ្សិនជិនបាននិយាយថា“ អ្នកជំនាញជឿជាក់ថាស្ថានភាពរាតត្បាតនាពេលបច្ចុប្បន្ននៅតែអាចការពារនិងគ្រប់គ្រងបាន” ៕