ពលរដ្ឋរិះគន់សមត្ថកិច្ចចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារត្រីប៉ោយប៉ែតដូចវែកចក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតបានធ្វើការរិះគន់ចំៗមកលើមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចម្រុះដែលចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារត្រីប៉ោយប៉ែតថា ធ្វើលំៗ អោយតែបាន រួចតែពីដៃ គ្មានប្រសិទ្ធិភាព រៀបរួច ដដែលឡើងវិញនិយាយរួមដូចវែកចក។ការរិះគន់បែបនេះធ្វើឡើងបន្ទាប់ពីមានក្រុមការងារចំរុះរបស់សាលាក្រុងបានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារត្រី និងដងផ្លូវមួយចំនួនដែលបងប្អូនអាជីវករបានតាំងលក់គ្មានសណ្តាប់ធ្នាប់ ប៉ះពាល់សោភ័ណភាព និងមិនចអាចចរាចរបានដែលការចុះរៀបចំនេះធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ភាពរញ៉េរញ៉ៃនៅក្នុងផ្សារត្រីប៉ោយប៉ែត ដែលបង្កឡើងដោយអាជីវករយកដីផ្លូវធ្វើជាកន្លែងលក់ដូរ អាជ្ញាធរបានចុះរៀចំជាបន្តបន្ទាប់ តែហាក់គ្មានប្រសិទ្ធិភាពសោះ។ សណ្តាប់ធ្នាប់កើតមានតែពេលក្រុមការចុុះរៀប តែពេលដែលក្រុមការងារដកចេញ គឺក្រុមអាជីវករលើកលក់កន្លែងដដែលវិញ។ ភាពអនាធិបតេយ្យដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់លើផ្លូវសាធារណៈនេះបង្កឡើង ពីអាជីវករលក់ បន្លែ ត្រី សាច់ ក្រណាត់ សំលៀកបំពាក់ និងសម្ភារមួយចំនួន ដែលម្ចាស់ផ្ទះជួលឲ្យលក់នៅមុខផ្ទះ ចំហៀងផ្ទះជាថ្នូរនឹងការហូតយកកំរ៉ៃប្រចាំថ្ងៃ ឬប្រចាំខែ រួមផ្សំនឹងការចតម៉ូតូ ម៉ូតូកង់បី គ្មានសណ្តាប់ ប៉ះពាល់ដល់បរិស្ថាន បាត់បង់សោភ័ណភាព។
ហើយជាមួយគ្នានេះដែរ សូម្បីតែម្ចាស់ផ្ទះ និងម្ចាស់តូបមួយចំនួន ក៏ដាក់តាំងលក់អីវ៉ាន់របស់ខ្លួនដោយបំពានលើដីផ្លូវសារធារណៈផងដែរ។
ក្រុមអាជីវករទាំងនោះបានឲ្យដឹងថា មូលហេតុដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ និងលើផ្លូវនោះ ដោយសារតែគ្មានលុយជួលតូប ហើយអាជីវករខ្លះវិញ លក់ដូរជាលក្ខណៈបន្លែរួមផ្សំដែលប្រមូលបេះបានបន្តិចបន្តួចពីផ្ទះប៉ុណ្ណោះ។
លោក គី សារុន មេភូមិបាលិលេយ្យ១ បានឲ្យដឹងថា ដោយយោងតាមការណែនាំរបស់ចៅសង្កាត់ប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ការរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារត្រីប៉ោយប៉ែត ត្រូវធ្វើជាប្រចាំជានិច្ច ដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយឡើងវិញ នឹងមិនអនុញ្ញាតិអោយមានអាជីវករលក់ដូរណាមួយ មកដាក់អីវ៉ាន់លក់ដូរ នៅលើផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បានទៀតឡើយ។
ទោះបីជាយ៉ាងណា ភាពរញ៉េរញ៉ៃ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឡើងដោយអាជីវករលក់ដូរ ប្រជាពលរដ្ឋដែលឆ្លងកាត់ផ្សារនោះនិយាយថានៅមិនទាន់បានល្អប្រសើរនៅឡើយទេ។ហើយ ការរៀបចំនេះ មិនមែនត្រឹមអភិបាលក្រុងថ្មីលោក គាត ហ៊ុល នេះទេគឺបានចាប់ផ្តើមតាំងពីជំនាន់អភិបាលក្រុងមុនលោក សាន ស៊ានហូ មកម្លេះ ហើយអាជីវករខ្លះក៏ធ្លាប់បានធ្វើកិច្ចសន្យាជាច្រើនដងហើយដែរ តែអាជ្ញាធរនៅតគ្មានអំណាចក្នុងការចាត់ការលើអាជីវករដែលធ្លាប់ធ្វើកិច្ចសន្យាទាំងនោះដែរ។
គេនៅចាំមើលថា លោក លោកគាត ហ៊ុល ដែលឡើងអភិបាលក្រុងថ្មីរយៈពេលជិត១ឆ្នាំមកនេះ មានអំណាចក្នុងការរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈនេះបានដែរទេ ដើម្បីរៀបចំទីក្រុងជាប់ព្រំដែនមួយនេះអោយមានភាពស្រស់បំព្រង ឈានទៅដណ្តើមផ្ការដួលបីទង ក្នុងការប្រកួតប្រជែងទីក្រុងស្អាតនាពេលខាងមុខនេះ៕