ប៉េកាំង ៖ អ្នកជំនាញរដ្ឋាភិបាលបាននិយាយថា វីរុសផ្លូវដង្ហើមថ្មីដែលកំពុងបង្កឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភជាខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈដែលអង្គការសុខភាពពិភពលោកប្រកាសរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រាអាសន្នសំខាន់នៅសប្តាហ៍នេះដើម្បីពិភាក្សាពីការឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់នៅក្នុងទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកើនឡើងដល់០៤នាក់។ វីរុសខូរ៉ូណា (Coronavirus) ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា មិនសូវខុសពីជំងឺ SARS នោះឡើយ ព្រោះពេលមនុស្សណាម្នាក់ឆ្លងជំងឺនេះ ប្រព័ន្ធផ្លូវដង្ហើមរបស់ពួកគេនឹងចុះទន់ខ្សោយខ្លាំងភ្លាមៗ ដោយអ្នកជំងឺនឹងស្លាប់ ប្រសិនបើមិនត្រូវបានសង្គ្រោះមិនបានទាន់ពេល។
ក្រៅពីចំនួនមនុស្សស្លាប់កើនដល់០៤នាក់នោះ អ្នកឆ្លងវីរុសនេះក៏បានកើនឡើងដល់២១៨នាក់ផងដែរ ខណៈប្រទេសផ្សេងៗទៀតក្រៅពីចិន ដូចជា ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏បានអះអាងជាផ្លូវការអំពីការរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមនេះផងដែរ ដោយពួកគេទាំងនោះសុទ្ធតែមានប្រភពពីប្រទេសចិន។ ដោយឡែកនៅក្នុងប្រទេសចិនវិញ ក្រៅពីទីក្រុង Wuhan ដែលជាកន្លែងផ្ទុះជំងឺនេះដំបូង ទីក្រុងប៉េកាំង សៀងហៃ និងហ្សិនជិន ក៏ត្រូវបានគេរាយការណ៍ថា បានរកឃើញអ្នកឆ្លងជំងឺនេះដែរ ហើយពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន។
សូមជម្រាបថា វីរុសផ្លូវដង្ហើមថ្មីនៅប្រទេសចិន ដែលស្រដៀងជំងឺ SARS ដែលបានផ្តាច់ជីវិតមនុស្សជិត ៦៥០នាក់នៅចិនដីគោក និងហុងកុងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា បានផ្ទុះឡើងដំបូងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ដ៏ធំមួយនៅក្នុងទីក្រុង Wuhan៕