បុគ្គលិកវេជ្ជសាស្ត្រ១៥នាក់នៅក្នុងទីក្រុងវូហានបានឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2020 ក+ ក-

វូហាន ៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារម្សិលមិញថា បុគ្គលិកវេជ្ជសាស្ត្រចំនួន១៥នាក់នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិនបានឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីរួមជាមួយបុគ្គលិកម្នាក់ទៀតត្រូវបានសង្ស័យថា បានឆ្លងវីរុសនេះ។

អាជ្ញាធរបានឲ្យដឹងថា បុគ្គលិកម្នាក់ក្នុងចំណោម១៥នាក់នោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតស្ថិតក្នុងស្ថានភាពល្អប្រសើរ។ អាជ្ញាធរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជាង២រយនាក់ហើយបានធ្លាក់ខ្លួនឈឺដោយសារឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះនៅក្នុងប្រទេសចិន ខណៈដែលវាបានរីករាលដាលទៅដល់ប្រទេសយ៉ាងហោចចំនួន៣នៅតំបន់អាស៊ី។

ព័ត៌មាននេះត្រូវបានគេរាយការណ៍នៅពេលដែលអាជ្ញាធរចិនបានបញ្ជាក់ថា ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមប្រភេទថ្មីបានកើនឡើងដល់៤នាក់ ហើយអ្នកជំនាញរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថាវីរុសនោះអាចឆ្លងពីមនុស្សទៅមនុស្ស។

អ្នកដែលឆ្លងវីរុសនោះភាគច្រើនស្ថិតនៅក្នុងទីក្រុងវូហាន (Wuhan) បើទោះបីជាវាបានរីករាលដាលទៅដល់ទីក្រុងផ្សេងទៀតនៅក្នុងប្រទេសចិនរួមមានទីក្រុងប៉េកាំង, សៀងហៃ, និងសិនជិន (Shenzhen) ក៏ដោយ៕