អាមេរិករកឃើញករណីឆ្លងដំបូងនៃវីរុសផ្លូវដង្ហើម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2020 ក+ ក-

អាមេរិក ៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារទី២១ ខែមករានេះបានប្រកាសករណីដំបូងនៃវីរុសថ្មីមួយដែលបានឆក់យកជីវិតមនុស្ស៦នាក់នៅក្នុងប្រទេសចិន និងធ្វើឲ្យមនុស្សរាប់រយនាក់ឈឺ។ នេះបើយោងតាមសារព័ត៌មាន CNA។

យោងតាមមន្រ្តីសហព័ន្ធ និងរដ្ឋបានឲ្យដឹងថា បុរសដែលជាអ្នករស់នៅសហរដ្ឋអាមេរិកមានអាយុ៣០ ឆ្នាំ ដែលរស់នៅក្បែរទីក្រុង Seattle ក្នុងរដ្ឋ Washington បានស្ថិតក្នុងសភាពល្អប្រសើរ ហើយបានទៅរកគ្រូពេទ្យដោយខ្លួនឯងបន្ទាប់ពីបានអានព័ត៌មានអំពីវីរុស SARS ដូចនៅក្នុងរបាយការណ៍ព័ត៌មាន។ ក្រោយការពិនិត្យ មន្ទីរពេទ្យក្នុងតំបន់បានអះអាងថា បុរសរូបនេះពិតជាមានផ្ទុកវីរុសខូរ៉ូណា (Coronavirus) ដែលជាវីរុសផ្លូវដង្ហើមធ្ងន់ធ្ងរមានប្រភពដើមពីចិននោះប្រាកដមែន។

លោក Chris Spitters មន្រ្តីសុខាភិបាលរដ្ឋវ៉ាស៊ីនតោនបាននិយាយថា “ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយសម្រាប់ការត្រួតពិនិត្យរយៈពេលខ្លីមិនមែនដោយសារតែមានជំងឺធ្ងន់ធ្ងរទេ” ។

ដោយឡែកមន្ត្រីមួយរូបនៃមជ្ឈមណ្ឌលគាំពារ និងគ្រប់គ្រងជំងឺឆ្លង (CDC) នៃសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី មេស្សូនា (Nancy Messonier) ក៏បានលើកឡើងផងដែរថា «នេះគឺជាស្ថានការណ៍ដែលកំពុងតែវិវត្តឡើង ហើយជាថ្មីម្តងទៀតយើងរំពឹងថា នឹងអាចមានអ្នកជំងឺបន្ថែមនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក។ ទោះបីជាបែបក្តីហានិភ័យសម្រាប់ពលរដ្ឋអាមេរិកនៅតែស្ថិតក្នុងកម្រិតទាប»។

បើតាមអាជ្ញាធរបានឲ្យដឹងថា បុរសដែលបានឆ្លងវីរុសខាងលើនេះ គឺទើបតែបានត្រឡប់មកពីទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកាលពីថ្ងៃទី១៥ ខែមករា ជាតំបន់ដែលវីរុស Corona ផ្ទុះឡើងដំបូង និងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធនេះ មនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមនៅចិនមានចំនួន០៦នាក់ និងជាង៣០០នាក់ទៀតឆ្លង នៅក្នុងទីក្រុង វូហាន, ប៉េកាំង, សៀងហៃ និងខេត្តក្វាងទុង។ ដោយឡែកប្រទេសមួយចំនួន ដែលបានរកឃើញមនុស្សមានផ្ទុកវីរុសនេះដែរ គឺមានដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕