ចិន​សម្រេច​ផ្អាក​ជើងហោះហើរ​ និង​រថភ្លើង​ចេញពី​ទីក្រុង​វូ​ហាន​ បន្ទាប់​ពី​ផ្ទុះឡើង​នូវ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរ​ចិន បានប្រកាស​ផ្អាក​ជើងហោះហើរ​និង​ខ្សែ​រថភ្លើង​ចាក​ចេញពី​ទីក្រុង វូ​ហាន (Wuhan) បន្ទាប់ពី​ការ​ពី​ផ្ទុះឡើង​នូវ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ចេញពី​ទីក្រុង​មួយ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​អាជ្ញាធរ​ចិន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា វីរុស​នេះ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស​ចិន​និង​លើសពីនេះទៅទៀត​មនុស្ស​ចំនួន​១៧​នាក់​បាន​ស្លាប់​និង​ជាង ៥០០ នាក់​បាន​ឆ្លង​ជំងឺ ខណៈ​អ្នកជំងឺ​ភាគច្រើនបំផុត ស្ថិតនៅ​ទីក្រុង​នៃ​ខេត្ត​ហឺ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន​។​

​បច្ចុប្បន្ន​ក្រៅពី​ប្រទេស​ចិន ប្រទេស​ផ្សេងៗ​ដូចជា សហរដ្ឋអាមេរិក ថៃ ជប៉ុន និង​កូរ៉េខាងត្បូង ក៏មាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​ពី​ចិន​នេះ​ផងដែរ ហើយ​ពួកគេ​សុទ្ធ​តែមាន​ប្រភពពី​ទីក្រុង Wuhan ខណៈ​នៅ​ប្រទេស​ថៃ​វិញ​មាន​ការឆ្លង​រហូតដល់ ០៤​ករណី​ឯណោះ​។​

​ជាមួយគ្នា​នោះ​ដែល​អាជ្ញាធរ​បានប្រកាសថា​ជើងហោះហើរ​និង​រថភ្លើង​ចេញពី​ទីក្រុង​នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់ពី​ម៉ោង​០២៖០០ ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈដែល​រថយន្តក្រុង​សាធារណៈ​រថភ្លើង​ក្រោម​ដី​និង​រថភ្លើង​ចម្ងាយ​ឆ្ងាយ​របស់​ទីក្រុង​ក៏ត្រូវ​បាន​ផ្អាក​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា​“​ហេតុផល​ពិសេស​អ្នករស់នៅ​ក្នុង​ទីក្រុង​មិនគួរ​ចាកចេញ​ពី​ទីក្រុង​វូ​ហាន​ឡើយ​” ។ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា​ការផ្លាស់ប្តូរ​នេះ​មានន័យថា​“ កាត់ផ្តាច់​ការរីក​រាល​ដាល​នៃ​មេរោគ​ប្រកបដោយ​ប្រសិទ្ធភាព​ទប់ស្កាត់​ការផ្ទុះ​ឡើង​និង​ធានា​នូវ​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាជន​” ។​

​គួរ​បញ្ជាក់ថា វីរុស​ផ្លូវដង្ហើម​ត្រូវបាន​អាជ្ញាធរ​ចិន​ប្រកាស​ពី​ការរកឃើញ​ដំបូង​បំផុត កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ហើយ​ប្រភព​ដើម្បី​បំផុត​នៃ​ការកកើត​វីរុស ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម (​សួត​) ចុះ​ទន់ខ្សោយ​ខ្លាំង​នេះ ត្រូវបាន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន សង្ស័យថា បានកកើតឡើង​នៅក្នុង​ទីផ្សារ​លក់​គ្រឿង​សមុទ្រ ដ៏​ល្បីល្បាញ​មួយ​ប្រចាំ​ទីក្រុង​នេះ​៕