បន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់បានស្លាប់ និងអ្នកដំណើរជាង១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការគ្រោះថ្នាក់ក្រឡាប់រថយន្តសាំយ៉ុងមួយគ្រឿងដោយសារបែកកង់ កាលពីវេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចផ្លូវជាតិលេខ៦ ខាងលិចភូមិសាលាក្រៅ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រធានផ្នែកដំណោះស្រាយចរាចរណ៍ ផ្លូវគោកខេត្តលោក តោ សារ៉ូបានឲ្យដឺងថាជនរងគ្រោះ ដែលបាត់បង់ជីវិតនោះ មានឈ្មោះ ឡែត ឡិញ ប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិចកធំ ឃុំចកស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង រីឯអ្នករបួសធ្ងន់ប្រុស២ ស្រី២ នាក់។ចំណែកអ្នករងរបួសស្រាល ១០នាក់ទៀតត្រូវបានដឹកជញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្ត។
អ្នកឃើញហេតុការ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តទូរីសមួយគ្រឿង ព៌ណស ពាក់ស្លាកលេខភ្នំពេញ ២Q-៤១៥៦ ដឹកសមាជិកគណះកម្មាធិការកម្មវិធីទស្សនះកិច្ចសិក្សាស្រះជំរកត្រីនៅតាមសហគមន៍ មានគ្នាចំនួន១៧នាក់ ចេញដំណើរពីភូមិចក សំដៅទៅខេត្តសៀមរាប លុះមកដល់ចំណុចកើតហេតុរថយន្ត ក៏បានបែកកង់ក្រោយផ្នែកខាងឆ្វេង រេចង្កូត ហើយក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមនៅក្នលែងកើតហេតុ និងរបួសធ្ងន់ ៤នាក់(ស្ត្រី២នាក់) និងរបួសស្រាលប្រមាណ១០នាក់ទៀត។ជនរងគ្រោះទាំងនោះ ត្រូវបានដឺកបញ្ជូនទៅកាន់មន្ទីពេទ្យខត្ត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្តទៅទុកនៅស្នងការដ្ឋានខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ។ចំណែកអ្នកបាត់បង់ជីវិត សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕