ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះជើងហោះហើររវាងកម្ពុជា និងចិន មិនទាន់មានការផ្អាកដំណើរការ នោះទេ បើទោះបីជាពិភពលោកកំពុងព្រួយបារម្ភពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃមេរោគរលាកសួតកូរ៉ូណាថ្មី ដែលមានប្រភពចេញមកពីប្រទេសចិនក៏ដោយចុះ ។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ដោយយោងតាមច្បាប់អន្តរជាតិ ដែលមិនលើកទឹកចិត្តឲ្យមានការផ្អាកជើងហោះហើរ នោះឡើយ ព្រោះវាអាចនឹងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋអ្នកទេសចរណ៍ ការទំនាក់ទំនង និងការធ្វើពាណិជ្ជកម្ម ។
លោកបញ្ជាក់បន្ថែមថា ចំពោះការលើកឡើងថា ប្រទេសខ្លះដែលរឹតត្បិតជើងហោះហើរជា មួយចិន ក្នុងហេតុផលថា ការពារការឆ្លងមេរោគរលាកសួតកូរ៉ណាថ្មីចូលក្នុងប្រទេស របស់ខ្លួននោះ វាជាគោលការណ៍របស់ប្រទេសនោះ ប៉ុន្តែសម្រាប់កម្ពុជា នៅពេលនេះមិនទាន់មានគោលការណ៍ណែនាំឲ្យធ្វើដូច្នេះនៅឡើយ ៕