អាជ្ញាធរក្រុងសិរីសោភ័ណអំពាវនាវឲ្យបញ្ឈប់ការចូលរុករករ៉ែមាសក្នុងគំនរថ្មដែលបាក់ពីកំពូលភ្នំដូងព្រះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យលោក ហ៊ឹល រ៉ាយ៉ា បានធ្វើការអំពាវនាវដល់ពលរដ្ឋអោយបញ្ឈប់ការចូលទៅរុករករ៉ែមាសក្នុងគំនរថ្មដែលបាក់ពីកំពូលភ្នំដូងព្រះ បន្តទៀត ព្រោះវាអាចនឹងប្រឈមគ្រោះថ្នាក់ជាយថាហេតុ។

អាជ្ញាធរអំពាវនាវយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសជួបផ្ទាល់ជាមួយពលរដ្ឋក្នុងតំបន់រុករកកាលពីរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ នៅចំនុចជើងភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមរំលឹកផងដែរថា ភ្នំដូងព្រះ មានការដ្ឋានកាយដីមួយកន្លែងរបស់ក្រុមហ៊ុន តាន់ គឹមហួត ដែលអាជ្ញាធរខេត្តបានអនុញ្ញាតអោយកាយពង្រាបដើម្បីរៀបចំធ្វើស្តាតជាលើកដំបូងដែលគ្រោងចំណាយទឹកប្រាក់អស់រាប់រយលានលើផ្ទៃដីប្រមាណជាង៧ហិកតា។ដោយបានការអនុញ្ញាតិនេះក្រុមហ៊ុនបានធ្វើការកាយពង្រាបផង កាយលក់ផងនិងបន្តកាយឆ្វែលជើងភ្នំដើម្បីយកអាចម៌ដីលក់។ដោយមូលហេតុនៃកាយនេះហើយបានធ្វើអោយចំណែកភ្នំផ្នែកខាងលិចបានប្រេះបាក់។ ផ្ទាំងថ្មធំៗបានរមាលធ្លាក់ពីកំពូលភ្នំបណ្តាលអោយពលរដ្ឋគ្រួសារជនពិការរស់នៅក្បែរនោះមានការភិតភ័យយ៉ាងខ្លាំង។ពលរដ្ឋក្បែរនោះទាំងក្មេង ទាំងចាស់ពុំដែលហ៊ានដើរទៅក្បែរទីនោះទេខណៈនៅលើកំពូលភ្នំ នៅមានផ្ទាំងថ្មជាច្រើនទៀតដែលប្រេះបែក ហើយនឹងអាចបាក់ធ្លាក់ក្នុងពេលមិនកំណត់ណាមួយជាថាហេតុ។

តែក្រោយមកបន្ទាប់ពីមានក្មេងចូលទៅលេងក្បែរគំនរបាក់បែកនោះរើសបានដុំរ៉ែមាសលក់បានលុយក៏មានការភ្ញាក់ផ្អើល ក្មេងចាស់ប្រុសស្រីប្រមាណពី២០ទៅ៣០នាក់សម្រុកចូលទៅរុករកដុំរ៉ែមាសដើម្បីយកលក់ ដោយមានឈ្មួញឈរចាំទិញក្នុងមួយគីឡូ៥ម៉ឺនរៀល។ក្នុងមួយថ្ងៃក្នុងម្នាក់អាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ពី៥ទៅ១០ម៉ឺនរៀល។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយពេលដែលទទួលព័ត៌មានបានដឹងមានប្រជាពលរដ្ឋនាំគ្នាទៅរករ៉ែមាសនៅការដ្ឋានកាយដីភ្នំដែលគ្រោងកសាងពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យ ដែលប្រឈមនិងព្រួយបារម្មខ្លាចភ្នំបាក់សង្កត់ទើបអាជ្ញាធរនិងសមត្តកិច្ចបានចុះហាមឃាត់ប្រជាពលរដ្ឋមិនអោយចូលទៅរក។

លោកបានបញ្ជាក់ថា៖ការហាមឃាត់ប្រជាពលរដ្ឋមិនអោយទៅរករ៉ែមាសនោះ គឺមិនមែនហាមឃាត់ទុកសម្រាប់អាជ្ញាធរនោះទេ ដោយអាជ្ញាធរជំនាញបានឡើងលើខ្នងភ្នំចំណុចដែលកាយឃើញភ្នំផ្នែកខាងលើប្រេះនេះជាការព្រួយបារម្ម ដែលប្រជាពលរដ្ឋមិនគួរនាំគ្នាប្រថុយប្រថាននិងគ្រោះថ្នាក់នេះឡើយ៕