ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅព្រឹកនេះ ដោយបានបញ្ជាក់ថា ការចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងការឆ្លងជំងឺរលាកសួតប្រភេទថ្មីបង្កដោយវីរូសកូរ៉ូណានោះនឹងមិនគួរអនុវត្តនោះទេ ក្នុងពេលដែលពួកគេបានទទួលស្គាល់នូវកំហុស និងធ្វើការបកស្រាយឡើងវិញនោះ។ ប៉ុន្តែអ្វីដែលយើងគួរចាត់វិធានការនោះគឺត្រូវអប់រំបណ្តុះបណ្តាលពួកគេឲ្យបានយល់ដឹងអំពីវិជ្ជាជីវៈ ហើយបំពេញការងារឲ្យបានត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនទៅប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយសម្តេចបានសង្កត់ធ្ងន់ថា អ្វីដែលពលរដ្ឋកម្ពុជាភ័យខ្លាចនាពេលនេះគឺមិនមែន ជំងឺកូរ៉ូណានោះទេ តែជាជំងឺភ័យខ្លាចតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គមរបស់មនុស្សមួយចំនួន។ ទន្ទឹមនោះសម្តេចក៏បានព្រមានដល់អ្នកផ្សព្វផ្សាយព័ត៌មានបំពុលសង្គមមួយចំនួនដែលខ្វះការទទួលខុសត្រូវផងដែរ៕