ត្បូងឃ្មុំ៖ ស្ត្រីអាយុ៤០ឆ្នាំម្នាក់ ត្រូវអ្នក ជំនាញធ្វើធ្មេញ រឹត.កសម្លាប់ប្លន់យកគ្រឿងអលង្ការខណៈស្ត្រីរូបនោះដេកឲ្យគេព្យាបាលធ្មេញ ហើយយកសពទៅច្រកក្នុងការ៉ុងរួចរត់គេចខ្លួនបាត់។
ករណីឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១៧ៈ០០នាទី យប់ថ្ងៃទី១២កក្កដា នៅចំណុចភូមិដារផ្សា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ច បានឲ្យដឹងថាករណីប្លន់សម្លាប់នេះ ជនសង្ស័យ មានឈ្មោះ ហ៊ុយ សេង ភេទប្រុស អាយុ២៦ឆ្នាំ រកស៊ីបើកកន្លែងធ្វើធ្មេញ នៅចំណុចខាងលើ។ចំណែក ស្ត្រីរងគ្រោះមានឈ្មោះ ឡៃ សំអាន អាយុ៤០ឆ្នាំ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់។
ប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៣រសៀល ស្ត្រីរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅឲ្យអ្នកធ្វើធ្មេញឈ្មោះ ហ៊ុយ សេង (ជនសង្ស័យ) ព្យាបាលឲ្យតាមការណាត់។ លុះរហូតដល់វេលាកើតហេតុ ដោយឆ្ងល់ពុំទាន់ឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ ដោយមានការសង្ស័យក៏ប្តឹងសមត្ថកិច្ច ហើយចុះទៅដល់កន្លែងកើតហេតុ។
ប្រភពបន្តថា ក្រោយពីសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ បានឃើញបន្ទប់បិទទ្វារ និងចាក់សោរជាប់ពីក្រៅ។ ក្នុងពេលនោះកម្លាំងក៏សហការជាមួយអាជ្ញាមូលដ្ឋាន កាត់សោរបន្ទប់ចូលទៅមើលក៏ប្រទះឃើញស្ត្រីរងគ្រោះត្រូវបានសម្លាប់ ច្រកក្នុងការ៉ុង ដាក់ចូលទូកញ្ចក់ក្នុងផ្ទះបាយ។
ប្រភពដដែលបន្តថា ក្រោយពីធ្វើការពិនិត្យរួច ឃើញថា ស្ត្រីរងគ្រោះគឺបានស្លាប់ដោយសាររឹត-កប្លន់យក ទ្រព្យសម្បត្តិ ព្រោះលើខ្លួនស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារអះអាងថា បានបាត់ខ្សែកមាស១ខ្សែ ទម្ងន់៥ជី, ផ្លាកដៃប្លាកទិន១ខ្សែ ទម្ងន់១ជី, ចិញ្ចៀនមាស១វង់ ទម្ងន់១ជីកន្លះ, លុយមួយចំនួន និងម៉ូតូ១គ្រឿងដែលស្ត្រីរងគ្រោះជិះ។
ក្រោយកើតហេតុ សមត្ថកិច្ចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំតាមប្រពៃណីជនល្មើស ត្រូវសមត្ថកិច្ចជំនាញកំពុងស្វះស្វែងចាប់ខ្លួនយកមកផ្តទ្ទាទោសតាមផ្លូវច្បាប់៕