ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប៦,៦១០,៥៩២នាក់មកទស្សនាកម្ពុជា កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។ លោកថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមមួយចំនួនក្តី ក៏កម្ពុជានៅការរក្សាបានកំណើនភ្ញៀវទេសចរ ដោយ សារតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦.៦១លាននាក់ ក្នុងកំណើន ៦.៦% ប្រៀប២០១៨ និងមានទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស ចំនួន២.០១លាននាក់ ក្នុងកំណើន២.០១% បើប្រៀបធៀប២០១៨»។
ចំនួនទេសចរអន្ដរជាតិផ្ទៃក្នុងទៅទស្សនាតំបន់អាទិភាព (ឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨) រួមមាន ៖ តំបន់ភ្នំពេញ ទទួលបានទេសចរអន្ដរជាតិ ចំនួន៤,៤០៤,៨៩៥នាក់ ស្មើនឹង៥៥.៨ភាគរយ នៃចំនួនសរុបកើនឡើង ២២ភាគរយធៀបនឹងឆ្នាំ២០១៨។ សៀមរាបអង្គរ ទទួលបានទេសចរអន្ដរជាតិ ចំនួន២,២០៥,៦៩៧នាក់ ស្មើនឹង២៧.៩ភាគរយ នៃចំនួនសរុបថយចុះ១៤.៩ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់ឆ្នេរសមុទ្រទទួលបានទេសចរអន្ដរជាតិ ចំនួន១,២០៤,៣៧៤នាក់ ស្មើនឹង១៥.៣ភាគរយ នៃចំនួនសរុបកើនឡើង ៣៧.៣ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ដទទួលបានទេសចរអន្ដរជាតិ ចំនួន៨១,៥៨៨នាក់ ស្មើនឹង១ភាគរយនៃចំនួនសរុបកើនឡើង ៨.៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ និងតំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្ដរជាតិ ចំនួន៥៤,៦០៦នាក់ ថយចុះ ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៨។
នៅឆ្នាំ២០១៩កន្លងទៅនេះ ទេសចរបរទេសសក្តានុពល ដែលបានមកដល់កម្ពុជារួមមាន ៖ ចិន ២,៣៦១,៨៤៩នាក់ កើនឡើង១៦.៧%។ វៀតណាម ៩០៨,៨០៣នាក់ កើនឡើង១៣.៦%។ ថៃ ៤៦៦,៤៩៣នាក់ កើនឡើង២២%។ ឡាវ ៣៦៣,៩៥១នាក់ ថយចុះ ១៤.៦%។ កូរ៉េ ២៥៤,៨៧៤នាក់ ថយចុះ ១៥.៥%។ អាមេរិក ២៤៨,៨៦៣នាក់ ថយចុះ ០.៨%។ ជប៉ុន ២០៧,៦៣៦នាក់ ថយចុះ ១.៣%។ ម៉ាឡេស៊ី ២០៣,០០៨នាក់ កើនឡើង០.៩%។ បារាំង ១៦៤,១១៧នាក់ ថយចុះ ៣.៩% និងអង់គ្លេស ១៦៣,១៧៧នាក់ កើនឡើង០.៥%។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបញ្ជាក់ទៀថា ចំពោះទេសចរក្នុងស្រុកឆ្នាំ២០១៩ មានចំនួនប្រមាណ១១.៥លាននាក់កើន២.១% ប្រៀបធៀបនឹង២០១៨ ។ ដោយឡែកភ្ញៀវទេសចរកម្ពុជា ចេញទៅទេសចរនៅក្រៅប្រទេស មានចំនួន ២,០៣៨,២៨៤នាក់ កើនឡើង ២.១%៕
ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ កើនឡើង៦.៦ភាគរយ