ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០ នេះមាន ៦,៥ភាគរយ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈម នឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន ផល្លា បានថ្លែងថា «ការព្យាករសេដ្ឋកិច្ចរបស់យើងសម្រាប់ឆ្នាំ ២០២០ នឹងស្ថិតក្នុងចំនួន ៦,១ ភាគរយ ធ្លាក់ចុះពីការព្យាករលើកមុន ៦,៥ ភាគរយ»។ ការធ្លាក់ចុះនេះគឺដោយសារតែកំណើនយឺតរបស់វិស័យកសិកម្ម ការធ្លាក់ចុះផ្នែកសំណង់ ទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់។
លោក ផាន ផល្លា បានថ្លែងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ ថាទោះបីជាភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក បានធូរស្បើយបន្តិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់ពួកគេនៅតែធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ភូមិសាស្ដ្រនយោបាយ ហើយជាពិសេសការផ្ទុះវីរុសកូរ៉ូណា នៅទីក្រុងវូហាន ដែលនឹងរារាំងកំណើនសេដ្ឋកិច្ចពិភពលោក៕
កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ នឹងធ្លាក់ចុះក្នុងរង្វង់ ៦,១ភាគរយ