ខេត្តកំពត ៖ គ្រឿងសមុទ្រក្រៀមមាន ដូចជា បបែល បង្គារ មឹក ត្រូវឈ្មួញវៀតណាមនាំចូលមកកម្ពុជា ដែលត្រូវបានចាប់ឃាត់ ដោយសង្ស័យថា មានលាយជាតិកៅស៊ូនោះ ឥឡូវនេះសមត្ថកិច្ចកាំកុងត្រូលបានរកឃើញថា គ្រឿងសមុទ្រទាំងនោះមានសារធាតុបូរ៉ាក់។
លោក សៅ រស្មី ប្រធានការិយាកាំកុងត្រូលច្រកអន្តរជាតិព្រែកចាកបានឲ្យដឹងថា ក្រោយការពិសោធន៍បឋមនៅរសៀលថ្ងៃទី១៣ កក្កដានេះ ជាលទ្ធផលបង្ហាញថា លើគ្រឿងសមុទ្រក្រៀមចំនួនជាង៣០០គីឡូក្រាមនោះ គឺមិនមានសារធាតុជ័រកៅស៊ូដូចជាការសង្ស័យនោះទេ។ ប៉ុន្តែបបែលក្រៀមចំនួន២០គីឡូក្រាម ត្រូវមន្ត្រីជំនាញដកហូត និងត្រៀមដុតកំទេចចោល ក្រោយការពិសោធន៍ដឹងថា មានជាតិបូរ៉ាក់ហួសកម្រិតដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
បច្ចុប្បន្នក្រុមឈ្មួញដែលនាំចូលគ្រឿងសមុទ្រក្រៀមទាំងនោះ ត្រូវព្រះរាជអាជ្ញាហៅទៅសាកសួរ ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលទំនិញមានជាតិគីមីដែលប៉ះពាល់ដល់សុខភាព៕អ៊ួង វរិន្ទ