WHO ៖ វីរុសកូរ៉ូណាថ្មី មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោកឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2020 ក+ ក-

វ៉ាស៊ីនតោន ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បាននិយាយថា វីរុសកូរ៉ូណា ដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន មិនទាន់ក្លាយ ជា«ជំងឺរាតត្បាត នៅទូទាំងសកលលោក» នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការអះអាងខាងលើធ្វើឡើងដោយ លោកស្រី Sylvie Brian ប្រធានអង្គភាពបង្ការគ្រោះមហន្តរាយនៃជំងឺឆ្លងពិភពលោករបស់អង្គការ WHO។ ថ្លែងប្រាប់ អ្នកសារព័ត៌មាន លោកស្រី Briand បានគូសបញ្ជាក់ដូច្នេះថា បច្ចុប្បន្ន វីរុសកូណាថ្មី មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោក នោះទេ…ប៉ុន្តែ ជាការពិតវីរុសនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅខេត្ត Hubei ប្រទេសចិន។

សូមជម្រាបថា គិតត្រឹមម៉ោង ៨៖៤០នាទីយប់ ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះបានកើនដល់៤២៥នាក់នៅចិនដីគោក និងម្នាក់នៅហុងកុង ហើយម្នាក់ទៀតនៅហ្វីលីពីន ខណៈចំនួនអ្នកឆ្លងមានច្រើនជាង ២០,០០០នាក់៕