អាជ្ញាធរចិន ៖ អ្នកឆ្លងវីរុសកូរ៉ូណា៨៩២នាក់ហើយជាសះស្បើយ
ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃពុធនេះថាអ្នកជំងឺសរុបចំនួន ៨៩២ នាក់ដែលឆ្លងវីរុសកូរ៉ូណាថ្មីត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។ នេះបើយោងតាមប្រភពពីស៊ិនហួរ។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃអង្គារមានមនុស្ស២៦២នាក់បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ ក្នុងនោះមនុស្ស១២៥ នាក់នៅក្នុងខេត្តហ៊ូប៉ី ។
សូមជម្រាបថាគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លងនៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន៕