ភ្នំពេញ ៖ ប្រធានភ្នាក់ងារសង្គមព័ត៌មានជាតិ និងជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក បានបញ្ជាក់ថា ការិយាល័យ e-government កូរ៉េ សន្យាបន្តជួយអភិវឌ្ឍវិស័យ e-government កម្ពុជាឲ្យរីកកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាល និងជួយរៀបចំផែនការមេដល់មន្ត្រីកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ កាលពីព្រឹកម៉ិញ នៅរដ្ឋធានីសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកសាស្ត្រាចារ្យ អាញ់ មូនសុក ប្រធាននៃគណៈកម្មាធិការប្រឹក្សាបានបញ្ជាក់ជូនសម្តេចតេជោថា រដ្ឋាភិបាលកូរ៉េ មិនត្រឹមតែចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាពាក់ព័ន្ធនឹងការងារ e-government ប៉ុណ្ណោះទេ ប៉ុន្តែកូរ៉េ មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យ e-government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ e-government រួចហើយ កាលពីថ្មីៗកន្លងទៅ។
បើតាមលោកសាស្ត្រាចារ្យ អាញ់ មូនស៊ុក លោកបានមកកាន់កម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។ លោកសាស្ត្រាចារ្យបន្ថែមថា នៅក្នុងប្រទេសកូរ៉េ គឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ពាក់ព័ន្ធនឹង e-government។ ជារួមក្រោយពិការសិក្សា នឹងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េ នឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការពាក់ព័ន្ធនឹង e-government ក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ e-government។
នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើមួយចំនួនធំ ហើយពាក់ព័ន្ធនឹងe-government។ អ្វីដែលសម្ដេចចង់បាននោះ គឺការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងពាក់ព័ន្ធនឹង e-government ពីកូរ៉េដល់ប្រទេសកម្ពុជា។ពិសេសការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេ ឬផែនទីចង្អុលផ្លូវ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែក e-government នេះ។ លោកសាស្រ្តាចារ្យ បានមានប្រសាសន៍ដែរថា e-government អាចជួយរដ្ឋាភិបាលកម្ពុជាជាច្រើន ក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាល ជាមន្ត្រីរាជការមានចំណេះដឹងលើបច្ចេកវិទ្យា៕