អាមេរិក ៖ ពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានថ្កោលទោសផែនការរបស់អ៊ីស្រាអែលក្នុងការកាត់យកកន្លែងតាំងទីលំនៅរបស់ខ្លួននៅតំបន់ West Bank ដែលនេះជាការស្តីបន្ទោសលើសំណើសន្តិភាពគាំទ្រអ៊ីស្រាអែលរបស់លោកប្រធានាធិបតី Donald Trump។
ពង្រាងអត្ថបទនេះដែលត្រូវបានផ្សព្វផ្សាយដល់សមាជិកក្រុមប្រឹក្សាដោយប្រទេសទុយនេស៊ីនិងឥណ្ឌូនេស៊ីទំនងជាត្រូវប្រឈមនឹងការវេតូរបស់សហរដ្ឋអាមេរិកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាបានផ្តល់នូវទស្សនៈផ្សេងៗរបស់សមាជិកមួយចំនួនអំពីផែនការសន្តិភាពដែលលោក Trump បានបង្ហាញកាលពីសប្តាហ៍មុន។
ក្រុមអ្នកការទូតបាននិយាយថា ការចរចាលើអត្ថបទនេះទំនងជានឹងចាប់ផ្តើមនៅចុងសប្តាហ៍។ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងនិយាយទៅកាន់ក្រុមប្រឹក្សានៅសប្តាហ៍ក្រោយអំពីផែនការនេះដែលអាចនឹងស្របពេលជាមួយការបោះឆ្នោតលើពង្រាងសេចក្តីសម្រេចនេះ។
សេចក្ដីព្រាងនេះដែលត្រូវបានមើលឃើញដោយរ៉យទ័របាននិយាយថា សេចក្តីសម្រេចនេះបានសង្កត់ធ្ងន់ទៅលើភាពខុសច្បាប់នៃការកាត់យកផ្នែកណាមួយនៃទឹកដីដែលប៉ាឡេស្ទីនកាន់កាប់និងបានថ្កោលទោសលើសេចក្តីថ្លែងការណ៍នាពេលថ្មីៗដែលអំពាវនាវឲ្យអ៊ីស្រាអែលដាក់បញ្ចូលទឹកដីទាំងនេះ។
ផែនការរបស់លោក Trump ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល៣ឆ្នាំដោយទីប្រឹក្សាជាន់ខ្ពស់លោក Jared Kushner នឹងទទួលស្គាល់សិទ្ធិអំណាចរបស់អ៊ីស្រាអែលលើកន្លែងតាំងទីលំនៅ ហើយនឹងតម្រូវឲ្យប្រជាជនប៉ាឡេស្ទីនបំពេញនូវលក្ខខណ្ឌដ៏លំបាកជាច្រើនបើសិនជាចង់បានរដ្ឋមួយដែលមានរដ្ឋធានីរបស់ខ្លួនក្នុងភូមិមួយនៅតំបន់ West Bank ភាគខាងកើតទីក្រុងយេរូសាឡឹម។
លោក Kushner គ្រោងនឹងថ្លែងអំពីផែនការនេះទៅកាន់បណ្តាឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃព្រហស្បតិ៍នេះ៕