ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំប្រទេសអូស្រ្តាលីបន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីកសាង ធនធានមនុស្សឱ្យច្រើន ជាការកសាងធនធានមនុស្ស ដែលជាកក្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជាឱ្យកាន់តែឆាប់រហ័ស។ ក្រៅពីនេះ សម្តេចបានលើកឡើងសំណើផ្សេងៗទៀត ដល់ភាគីអូស្រា្តលី ក្នុងនោះមានការការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាដើម។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងសំណើដូចខាងលើនេះ នៅក្នុងឱកាសសម្តេចទទួលជួបសម្តែងការគួរសម របស់លោក ប៉ាប្លូ ជីហូ កាង ( Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ដែលទើបតំាងប្រចំានៅព្រះរាជាណាកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងកម្ពុជានិងអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ រដ្ឋសភាកម្ពុជានិងអូស្រ្តាលី តែងតែមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក យ៉ាងជិតស្និទ្ធ នៅលើវេទិកាអន្តរ សភាក្នុងតំបន់ និងសកលោក។
កាលពីខែមករាកន្លងទៅ សម្តេច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាកម្ពុជាចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)លើកទី២៨ នៅទីក្រុងកង់ប៉េរា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសម្តេចបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដែលបានបង្ហាញពីការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-អូស្រ្តាលី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមស្វាគមន៍ និងអបអរសាទរ ចំពោះលោកម ប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ាប្លូ ជីហូ កាង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេច និងបានថ្លែងអំណរគុណដែលសម្តេចប្រធានរដ្ឋសភាចំណាយពេលវេលាទទួលជួបឯកឧត្តមនាឱកាសនេះ។
ឆ្លើយតបសំណើរបស់សម្តេច ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី បានលើកឡើងមានអ្នកវិនិយោគអូស្រ្តាលីច្រើនបានកំពុងវិនិយោគទុននៅកម្ពុជាក្នុងវិស័យកសិម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ កម្ពុជា ពិសេសអង្គរវត្តគឺជាទិសដៅទេសចរណ៍របស់ប្រជាជនអូស្រ្តាលី។ មានជនជាតិអូស្រ្តាលីរាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ បានមកទស្សនាកម្ពុជា។
ចំពោះការផ្តល់អាហារូបករណ៍អូស្រ្តាលីដល់និស្សិតកម្ពុជាវិញ លោក ប៉ាប្លូ ជីហូ កាង បានគូសបញ្ជាក់ថាស្ថានទូតអូស្តា្រលីទើបតែផ្ញើអេឡិចត្រនិចទៅកាន់គ្រប់ក្រសួងរបស់កម្ពុជាដើម្បីជំរុញ ផ្សព្វផ្សាយដល់មន្រ្តីបានដាក់ពាក្យសុំទៅសិក្សានៅអូស្រ្តាលី។ ការស្នើសុំដែលមន្រ្តីកម្ពុជាមានពេលរហូតដល់ខែមេសាទើបបិទបញ្ចប់។
សូមជម្រាបថា អូស្រ្តាលីជាប្រទេសមួយដែលបានជួយអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ ក្នុងនោះមានការដោះសំអានមីន កសិកម្ម អភិវឌ្ឍន៍ជនបទ អភិបាលកិច្ចនិងលទ្ធិប្រជាធិបេតយ្យជាដើម៕