ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានព្រមានថា ការឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅក្រៅប្រទេសចិនទំនងជាអាចមានចំនួនច្រើន លើសតួលេខផ្លូវការ ព្រោះតែការមិនទាន់រកឃើញ។ នេះបើតាមសារព័ត៌មាន CNA។
នៅលើបណ្តាញសង្គម Twitter លោក Ghebreyesus បានសរសេរថា លោកកំពុងតែព្រួយបារម្ភចំពោះការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលពុំធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន ពោលគឺករណីឆ្លងក្នុងស្រុកផ្ទាល់ នៅតាមប្រទេសដែលមានករណីវីរុសកូរ៉ូណាថ្មី 2019-nCoV។ លោក Ghebreyesus បានសង្កត់ធ្ងន់ការរកឃើញករណីបែបនេះ ទោះមានចំនួនទាបក្តី ក៏វាអាចមានន័យថា ការឆ្លងវីរុសនៅក្រៅប្រទេសចិន តាមពិតអាចរាលដាលច្រើនជាងការរកឃើញ។
សូមជម្រាបថា នៅក្រៅប្រទេសចិនករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង ៣៥០ករណី ត្រូវបានរាយការណ៍នៅតាមប្រទេសជិត ៣០ទៀតជុំវិញពិភពលោក ហើយមានករណីស្លាប់ម្នាក់នៅហ្វីលីពីន។ ករណីវីរុសនៅតាមប្រទេសទាំងនោះ ភាគច្រើនគឺជាករណីប្រជាជនចិន ឬអ្នកធ្វើដំណើរពីចិន ជាពិសេសពីទីក្រុង វូហាន (Wuhan) និងខេត្ត ហ៊ូប៉ី (Hubei) ប៉ុន្តែក៏មានករណីឆ្លងគ្នា នៅក្នុងប្រទេសទាំងនោះផ្ទាល់ផងដែរ៕