រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​កែ​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់​ចំណុច​ប្រសព្វ​ក្តាន់ពីរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​កែ​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់​ចំណុច​ប្រសព្វ​ក្តាន់ពីរ​រវាង​មហាវិថី​ស៊ីធីសេនធ័រ (ផ្លូវ​ R6) និង​មហា​វិថី​សាធារណរដ្ឋ​ឆេក ក្នុងនោះ​នឹង​ធ្វើការ​កែសម្រួល​ផ្ទៃសួនច្បារ​ក្តាន់ពីរ​មួយ​ផ្នែក​ទៅជា​រង្វង់មូលក្តាន់ពីរ និង​ស្ថាបនា​ផ្លូវជុំវិញ​រង្វង់មូលនេះ ដោយ​រក្សា​រូបសំណាក​ក្តាន់ពីរ ឱ្យ​នៅ​ដដែល។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០។

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី ក៏ស្ថាបនា​ពង្រីក​កំណាត់​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ចិញ្ចើម​ខាងជើង ចាប់ពី​ស្ថានីយ​ប្រេង​ឥន្ធនៈតូតាល់ ដល់​ផ្លូវកែងមហា​វិថីស៊ីធី​សេនធ័រ​ចូល​ទីក្រុងរណប​ភ្នំពេញ ស៊ីធី សែនធ័រ (អតីតតំបន់​អភិវឌ្ឍ​បឹងកក់) និង​ដាក់​លូ​ទំហំ​ ១ម៉ែត្រ ដើម្បី​រំដោះ​ទឹកចេញពី​ដងមហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី។

ការងារខាងលើនេះធ្វើឡើង​បន្ទាប់ពី​រដ្ឋបាលរាជធានី​ភ្នំពេញបាន​ពិនិត្យ​ឃើញ​ពីការកកស្ទះចរាចរណ៍ ខ្លាំង​នៅលើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់​ពី​ចំណុច​ប្រសព្វ​ក្តាន់ពីរ រហូតដល់​ស្តុបបេកាសេ។ រដ្ឋបាល​រាជធានី​ ចាប់ផ្តើម​អនុវត្ត​ការដ្ឋាន​ខាងលើ ចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ៕