ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ជំងឺកូរ៉ូណា មិនទាន់ឆ្លងមកពលរដ្ឋកម្ពុជា តែពលរដ្ឋភ័យខ្លាច ដោយសារមកពីពួកអគតិ និងជន ខិលខូចមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាសាធារណៈថា ករណីកូរ៉ូណាត្រូវបានបញ្ចប់នៅកម្ពុជាក្រោយពេលដែលអ្នកជំងឺជនជាតិចិនម្នាក់ត្រូវបានជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យរស់នៅជាធម្មតាវិញ។
សម្តេចតេជោបន្ថែមថា ជនជាតិចិនម្នាក់នេះគ្រោងនឹងចាកចេញពីកម្ពុជាវិលទៅស្រុកកំណើតរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ។ សម្តេចបន្តថា មកដល់ពេលនេះមិនទាន់មានជនជាតិកម្ពុជាណាម្នាក់បានឆ្លងវីរូសកូរ៉ូណានោះទេ ប៉ុន្តែពួកអគតិបានផ្សព្វផ្សាយព័ត៌មានបំភ្លើសដែលនាំឲ្យមានការភ័យខ្លាចប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្តេចបានប្រកាសម្តងរួចមកហើយថា ជំងឺ ពិតប្រាកដរបស់យើងមិនមែនជំងឺកូរ៉ូណាទេ តែជាជំងឺភ័យខ្លាចតែចាប់ពីពេលនោះមកបញ្ហា ភ័យខ្លាចបានសាបរលាបបន្តិចម្តងៗ។
ជាមួយសម្តេច បានកោតសរសើរ ក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការណ៍ ការពារវីរុសកូរ៉ូណាថ្មី។ សម្តេចថា មកដល់ពេលនេះ កូរ៉ូណា ត្រូវបានបញ្ចប់ នៅកម្ពុជា ដោយសារការព្យាបាល ជំងឺជនជាតិចិនម្នាក់ មានជំងឺនេះ បានជាសះស្បើយ៕