ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃអង្គារបានប្រកាសអំពីការដាក់ ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីថា «Covid-19»ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់បណ្តោះអាសន្នថា 2019-nCoV។
បើតាមលោក Tedros ក្នុងនោះ Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯ D តំណាងឲ្យពាក្យថា «ជំងឺ (Disease)» ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូង។
លោកប្រមុខអង្គការ WHO បានគូសបញ្ជាក់ថា ឈ្មោះផ្លូវការ «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្ត្រ សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផងគឺ «ខូវីដ-១៩»។
គួរបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ថ្មីៗនេះដែលបណ្ដាលឲ្យជាង១០០០នាក់ស្លាប់និងជាង៤ម៉ឺននាក់ឆ្លងនៅទាំងពិភពលោក៕