ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសស្វីស បានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា គិតជាថវិកាប្រមាណជា៦០លានដុល្លារអាមេរិក និងបានបន្តគាំទ្រពីឆ្នាំ២០១៩ដល់ឆ្នាំ ២០២១ នូវទឹកប្រាក់ប្រមាណជា ១២លានដុល្លារបន្ថែមទៀត ក្នុងរយៈពេល៣ឆ្នាំ ដើម្បីទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជា។
ថ្លែងប្រាប់ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ លោកជំទាវ ការីន សាលីណូ (Carin SALERNO) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស្វីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ខាន នៅទីក្រុងបាងកក បានឱ្យដឹងថា ក្រៅពីកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យជាច្រើនជាមួយកម្ពុជា រដ្ឋាភិបាលស្វីសបានជួយឧបត្ថម្ភគាំទ្រក្នុងវិស័យសុខាភិបាល ដោយផ្តោតទៅលើការមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩៤មកម៉េះ។ នេះបើតាមការបញ្ជាក់របស់ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងការបរទេស នៅក្រោយជំនួបទ្វេភាគីនេះ។
អ្នកនាំពាក្សបន្តថា រដ្ឋាភិបាលស្វីសបានផ្ដោតសំខាន់ ទៅលើវិស័យ សុខាភិបាលដែលជួយទៅលើសុខភាពកុមារ,សុវត្ថិភាពស្បៀងនិងវិស័យកសិកម្ម ។
ចំពោះវិស័យសុខាភិបាលនៅកម្ពុជា ស្វីសនៅតែបន្តគាំទ្រដល់ថវិកាប្រចាំឆ្នាំចំនួន៤លានហ្វ្រង់ស្វីសស្មើនឹង៤ លានដុល្លារ ក្នុង១ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាបច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិត ជនជាតិខ្មែរក៏ដោយ។
ក្រៅពីនេះរដ្ឋាភិបាលស្វីស បានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្ម និងផ្នែកបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរណ៍ និងផ្ដល់ជំនួយសម្រាប់វិស័យដោះមីន ពីឆ្នាំ 2020-2025 នូវថវិកា 6លានដុល្លាបន្ថែមទៀត តាមផែនការកម្ពុជានឹងបញ្ចប់ការដោះមីននៅឆ្នាំ 2025 ដែលកម្ពុជានឹងគ្មានគ្រាប់មីន។ ជាមួយគ្នានោះ រដ្ឋាភិបាលស្វីស បានផ្ដល់ជំនួយលើអភិបាលកិច្ចល្អ និងវិមជ្ឈការដោយមានកិច្ចសហការជាមួយនឹងក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានផ្តល់ជំនួយដល់វិស័យបោសសំអាតមីននៅកម្ពុជា និងជំនួយអភិវឌ្ឍន៍ជាច្រើនទៀតនៅកម្ពុជា ព្រមទាំងបានបន្តនឹងជំរុញបង្កើនទំហំពាណិជកម្ម នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ នៅក្នុងឆ្នាំ២០២០ នេះ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត និងដឹកនាំអ្នកធុរកិច្ច ជាប្រធានក្រុមហ៊ុនធំៗរបស់ស្វីសមកសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា និងជំរុញទេសចរណ៍ស្វីស មកកម្ពុជា ដើម្បីឲ្យកម្ពជាបន្តមានកំណើនសេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍ប្រជាជននិងប្រទេសទាំង២។
គួរបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្ររបស់រដ្ឋាភិបាលស្វីស រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុង ១ឆ្នាំ១០លានដុល្លារ កាកបាទក្រហមកម្ពុជា ផ្ដល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ១លានដុល្លារ និង មូលនិធិគន្ធបុប្ផា បានរួមចំណែកជាថវិកា ក្នុង១ឆ្នាំប្រមាណ ជា៥លានដុល្លារផងដែរ៕