ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈថាប្រទេសចិនបានដកតំណែងអគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei ដែលជាចំណុចកណ្តាលនៃការផ្ទុះ និងរីករាលដាលដំបូងរបស់វីរុសកូរ៉ូណាថ្មី COVID-19 ដែលបានសម្លាប់មនុស្ស ១.៣៥៥ នាក់។ នេះបើយោងតាមប្រភពពី CNA។
បើតាមរបាយការណ៍ថា លោក Jiang Chaoliang ត្រូវបានដកចេញពីតំណែង ជាអគ្គលេខាបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei ហើយ ដោយត្រូវដាក់ជំនួសវិញដោយលោក Ying Yang ដែលជាប្រធាននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ ខណៈមន្ត្រីក្រោមឱវាទមួយចំនួនទៀតក្នុងខេត្ត ក៏ត្រូវបានផ្លាស់ប្តូរចេញផងដែរ។
គួរបញ្ជាក់ថា ការដកតំណែងនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះកំហឹង និងរិះគន់ពីសំណាក់ប្រជាជនលើបណ្តាញសង្គមចិន ជុំវិញការស្លាប់របស់លោកវេជ្ជបណ្ឌិត Li Wenliang៕