ប៉េកាំង ៖ ករណីឆ្លងវីរុសកូរ៉ូណា បានកើនឡើងយ៉ាងគំហុកគឺប្រមាណ ១៤.៨៤០នាក់ រីឯចំនួនអ្នកស្លាប់កើនឡើងជាង ២ដង គឺចំនួន ២៤២នាក់ ក្នុងរយៈពេលតែក្នុងមួយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុណ្ណោះ។ ចំនួននេះ បានធ្វើឲ្យអ្នកឆ្លងវីរុសកូរ៉ូណា(COVID-19) នៅចិនកើនដល់ ៥៩.៥៣៩នាក់ និងឆ្លងទូទាំងពិភពលោកចំនួនជាង៦ម៉ឺននាក់។ ចំពោះអ្នកស្លាប់សរុបមានចំនួន ១.៣៦៣នាក់ ក្នុងនោះនៅចិន១,៣៦១នាក់ នៅហ្វីលីពីនម្នាក់ នៅហុងកុងម្នាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិន ក្នុងខេត្ដហ៊ូប៉ី។
គួរកត់សម្គាល់ថា ដោយសារតែសេដ្ឋកិច្ចចិន ជាចំណែកនៃសេដ្ឋកិច្ចពិភពលោកជិត ១៧ភាគរយ ហេតុនេះ បើសេដ្ឋកិច្ចចិនធ្លាក់ចុះនោះសេដ្ឋកិច្ចពិភពលោកក៏ប៉ះពាល់ដូចគ្នា។
សូមជម្រាបថា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ បណ្ដាប្រទេសមួយចំនួនដែលបារម្ភពីការឆ្លងវីរុសនេះ បានលុបចោលជើងហោះហើរជាមួយប្រទេសចិន និងហាមឃាត់មិនឲ្យអ្នកធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ចូលក្នុងប្រទេសរបស់គេឡើយ។ ជាមួយគ្នានេះ រោងចក្រ និងក្រុមហ៊ុនអន្ដរជាតិមួយចំនួននៅក្នុងប្រទេសចិន ក៏ត្រូវបិទទ្វារជាបណ្តោះអាសន្ន ដែលសកម្មភាពទាំងអស់នេះត្រូវបានបង្អាក់ចរន្ដសេដ្ឋកិច្ចចិនមិនឲ្យដំណើរការជាប្រក្រតីទេ ខណៈដែលវីរុសកូរ៉ូណានៅតែបន្ដសម្លាប់មនុស្ស ដោយមិនទាន់មានវិធានការជាក់លាក់ដើម្បីទប់ស្កាត់នៅឡើយ៕
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅចិនកើនឡើងយ៉ាងគំហុក អ្នកស្លាប់កើនជាង ២ដង