ចិន ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសចិនបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា ក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការនៅក្នុងមន្ទីរពេទ្យប្រមាណ ១.៧១៦នាក់ ត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងវីរុស COVID-19 (កូរ៉ូណាថ្មី) ហើយក្នុងចំណោមអ្នកទាំងអស់នោះមាន ៦នាក់បានស្លាប់បាត់បង់ជីវិត។
នៅក្នុងចំណោម អ្នកដែលបានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ៨៧% គឺជាគ្រូពេទ្យ និងបុគ្គលិកពេទ្យដែលធ្វើការនៅទីក្រុងវូហានខេត្តហ៊ូប៉ីនិងជាតំបន់ចំណុចកណ្តាលនៃការផ្ទុះឡើងវីរុសកូរ៉ូណាដំបូងបំផុតកាលពីខែធ្នូ ដោយបានសម្លាប់មនុស្សចំនួន ១,៥២៦ នាក់ និងអ្នកឆ្លងជាង ៦៧១០០ នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលមន្ត្រីសុខាភិបាលចិន បានប្រកាសជាផ្លូវការអំពីស្ថានភាពរបស់ ក្រុមគ្រូពេទ្យ និងបុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅមួយសប្តាហ៍ ក្រោយការស្លាប់របស់គ្រូពេទ្យជំនាញភ្នែកម្នាក់ គឺលោក Li Wenliang ដែលជាអ្នកចេញមុខនិយាយមុនគេ អំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណា ប៉ុន្តែក្រោយមកលោកបែរជាត្រូវប៉ូលិសឃាត់ខ្លួន និងចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតប្រាកដទៅវិញ៕