ភ្នំពេញ ÷ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃនេះថា អ្នកទេសចរចំនួន២៣៣នាក់ចុងក្រោយ បានចាកចេញពីនាវា Westerdam ហើយនៅថ្ងៃពុធនេះ ក្រោយពីលទ្ធផលតេស្តអវិជ្ជមាននៃវីរុស COVID-19។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា អ្នកទេសចរចំនួន២៣៣នាក់ចុងក្រោយ បានចាកចេញពីនាវា Westerdam អស់ហើយនៅព្រឹកថ្ងៃពុធនេះ ក្រោយលទ្ធផលពីវិទ្យាស្ថាន ប៉ាស្ទ័ររកមិនឃើញវត្តមាននៃវីរុសចំពោះពួកគេទាំងអស់។ អ្នកទេសចរទាំងនោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមរថយន្តក្រុងចំនួន១០ ដែលអាជ្ញាធរបានរៀបចំ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរៀងៗខ្លួនវិញ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយកប្រតិបត្តិនាវា Westerdam លោក Orlando Ashford និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍អ្នកទេសចរណ៍ ចុះពីលើនាវា ថែមទាំងជូននូវវត្ថុអនុស្សាវរីយ៍ដល់អ្នកទេសចរម្នាក់មួយផងដែរ។
យ៉ាងណាក្តីចំពោះនាវិកចំនួន៧៤៧នាក់វិញ ពួកគេត្រូវរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រសិន ដើម្បីបង្ហាញថាពួកគេបានចាកចេញពីកម្ពុជាទៅវិញជាមួយនឹងសុខភាពល្អ និងសុវត្ថិភាព។ នេះជាការបញ្ជាក់របស់ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។ ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។ នេះជាការបញ្ជាក់របស់ លោល ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមការគ្រោងទុក ភ្ញៀវទេសចរ ដែលនៅសល់ជាង៥០០នាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
សូមបញ្ជាក់ដែរថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះ បានបញ្ជាក់ថា សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញចំនួន៧៨១នាក់ ត្រូវ បានធ្វើតេស្តទាំងអស់ ដោយទទួលលទ្ធផលអវិជ្ជមាននៃវីរុសកូរូណាថ្មី។ ចំពោះស្ថានភាពរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សំគាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ម្សិលម៉ិញថា ការអនុញ្ញាឲ្យនាវាខ្នាតយក្សមួយនេះចូលចត គឺដើម្បីបុព្វហេតុជួយសង្គ្រោះប្រជាពលរដ្ឋ គ្រប់ជាតិសាសន៏នៅលើនាវា និងដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ត្បិតប្រទេសផ្សេងទៀត មិនព្រមឲ្យនាវាមួយនេះចូលចត៕