ក្រុមភេរវករអាល់កៃដានៅអារ៉ាប់ ប្រកាសតែងតាំងមេដឹកនាំថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2020 ក+ ក-

អាល់​កៃ​ដា ៖ ក្រុម​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អារ៉ាប់​កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ​បានបញ្ជាក់​ពី​ការស្លាប់​របស់​មេដឹកនាំ​របស់ខ្លួន​គឺ​លោក Qassim al-Rimi និង​តែងតាំង​អ្នក​ស្នង​តំណែង​ថ្មី​ម្នាក់ទៀត​បន្តបន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ខ្លួន​បាន​កម្ចាត់​មេដឹកនាំ​សកម្មប្រយុទ្ធ​ឥស្លាម​រូបនោះ នៅ​ប្រទេស​យេ​ម៉ែន​។ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​បណ្តាញ​អ្នកឃ្លាំមើល​ក្រុម​ប្រដាប់អាវុធ នៅ​ទូទាំង​ពិភពលោក​ដែល​ហៅថា SITE (SITE Intelligence Group) បាន​គូសបញ្ជាក់ថា សេចក្តីប្រកាស​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង ក្នុងការ​សន្ទនា​ជា​សារ​សំឡេង​មួយ ដែល​បានផ្តល់​ដោយ​មន្ត្រី​ផ្នែក​សាសនា​ម្នាក់​នៃ​ក្រុម​នេះ ដែលមាន​ឈ្មោះថា Hamid bin Hamoud al-Tamimi)​។ នៅក្នុង​សុន្ទរកថា​របស់លោក Tamimi ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក Khalid bin Umar Batarfi នឹង​ក្លាយជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម AQAP នេះ​ផងដែរ​។​

SITE​  បាន​និយាយថា​លោក Batarfi បានបង្ហាញ​ខ្លួន​នៅក្នុង​វីដេអូ​របស់ AQAP ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ ហើយ​ហាក់ដូចជា​អនុប្រធាន​ និង​ជា​អ្នកនាំពាក្យ​ក្រុម​របស់លោក Rimi ផងដែរ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​មរណភាព​របស់លោក Rimi កាលពី​ដើមខែ​នេះ​ដោយនិយាយ​ថា​លោក​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​អាមេរិក​នៅ​យេ​ម៉ែន​។​

​ការប្រកាស​នោះបាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី AQAP បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី​៦​ខែធ្នូ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នៅរ​ដ្ឋ​ផ្លរីដា ដែល​ក្នុងនោះ​មន្ត្រី​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​បានសម្លាប់​នាវិក​អាមេរិក ៣ នាក់​៕